តាមការឲ្យដឹងពីធនាគារ UBS បានបង្ហាញថា ទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារបស់មហាសេដ្ឋីនៅជុំវិញពិភពលោក មានចំនួននៃការកើនឡើងជាងឆ្នាំមុនចំនួន១៧% ដល់កម្រិតប្រមាណ ១៤ទ្រីលានដុល្លារ ខណៈក្នុងនោះ សហរដ្ឋអាមេរិកជាកត្តាជំរុញឲ្យមានកំណើនខ្ពស់ជាងគេ។ នេះបើតាមការចុះផ្សាយពី Finimize ។
ដោយឡែកចំពោះបុគ្គលដែលមានទ្រព្យឡើងងារជាមហាសេដ្ឋីក៏មានការកើនឡើងពីចំនួន ២ ៥៤៤នាក់ដល់ចំនួន ២ ៦៨២នាក់។ បើនិយាយអំពីសហរដ្ឋអាមេរិក ការកើនឡើងនៃទ្រព្យសម្បត្តិចំពោះបុគ្គលរកស៊ីក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា បានជំរុញឲ្យមហាសេដ្ឋីកើនឡើងដល់ចំនួន ៨៣៥នាក់ ខណៈទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាវិញនោះមានកំណើនដល់ ៥,៨ទ្រីលានដុល្លារ។ ដោយឡែក ចិនបែរប្រឈមនឹងការធ្លាក់ចុះទៅវិញ ដោយមហាសេដ្ឋីរបស់ខ្លួនធ្លាក់ចុះមកនៅត្រឹមចំនួន ៤២៧នាក់ ខណៈបញ្ហាអចលនទ្រព្យបានបំផ្លាញទ្រព្យសម្បត្តិដល់ទៅ ១,៤ទ្រីលានដុល្លារឯណោះ។
ទន្ទឹមនឹងនោះ ឥណ្ឌាជាប្រទេសជាប់ភូមិផងរបងជាមួយនឹងចិន បានសង្កេតឃើញនូវមហាសេដ្ឋីរបស់ខ្លួនមានការកើនឡើងលើសពី២០% គឺដល់ចំនួន ១៨៥នាក់ ដែលសរុបទ្រព្យសម្បត្តិវិញនោះមានទំហំ ៩០៦ពាន់លានដុល្លារ។ នៅក្នុងទ្វីបអឺរ៉ុប ស្វីសបានវ៉ាដាច់ចក្រភពអង់គ្លេស ដណ្តើមកន្លែងមកឈរនៅពីក្រោយប្រទេសអាឡឺម៉ង់ ដែលមានមហាសេដ្ឋីចំនួន ៨៥នាក់ ខណៈដែលប្រទេសបារាំងបានបន្ថែមបុគ្គលថ្មីៗចំនួន ១២នាក់ថែមទៀតទៅក្នុងបញ្ជីមហាសេដ្ឋីរបស់ខ្លួន។
ជារឿងគួរឲ្យចាប់អារម្មណ៍ បុគ្គលភាគច្រើនទាំងនោះដែលទទួលបានងារជាមហាសេដ្ឋី គឺកើតឡើងដោយភាពជាសហគ្រិនខិតខំប្រឹងប្រែងក្នុងមុខជំនួញរបស់ខ្លួន ជាជាងការទទួលបានបណ្តាំមរតកពីវង្សត្រកូល ហើយបើទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងអតិផរណាក៏ដោយ រឿងគួរឲ្យកត់សំគាល់ គឺទឹកដីអាមេរិកខាងជើង នៅតែជាប់ជាកំពូលកន្លែងដែលមានសក្តានុពលសម្រាប់ការវិនិយោគបំផុត៕