រដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូកន្លងទៅថា ប្រទេសកាតា នឹងវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានផោន (១,៣ពាន់លានដុល្លារអាមេរិក) លើបច្ចេកវិទ្យាអាកាសធាតុ នៅក្នុងចក្រភពអង់គ្លេស តាមរយ:ការសហការគ្នាជាមួយក្រុមហ៊ុនវិស្វកម្ម Rolls-Royce។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយ:ពេលពីរថ្ងៃទៅកាន់ទឹកដីចក្រភពអង់គ្លេសរបស់ស្តេចនៃប្រទេសកាតា គឺព្រះចៅ Sheikh Tamim bin Hamad Al Thani ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសកាតាបាននិយាយថា ចក្រភពអង់គ្លេស កំពុងស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយរដ្ឋឈូងសមុទ្រ ស្របពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញក្តីសង្ឃឹមថា នឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមសម្រាប់ប្រទេសរបស់ខ្លួន ទាំងលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងទៀតថា ការវិនិយោគនេះ រំពឹងថានឹងបង្កើតការងាររាប់ពាន់កន្លែង និងបើកដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាអាកាសធាតុ នៅក្នុងប្រទេសទាំងពីរ ដើម្បីពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងដែលមានតម្លៃថ្លៃនេះ ក៏រួមបញ្ចូលទាំងការវិនិយោគនៅក្នុងកម្មវិធីបច្ចេកវិទ្យាដោយក្រុមហ៊ុន Rolls-Royce ផងដែរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពល ក៏ដូចជាគាំទ្រដល់ឥន្ធនៈនិរន្តរភាពថ្មី និងការបំភាយកាបូនកម្រិតទាប ជាមួយនឹងការងាកមកប្រើប្រាស់ថាមពលបៃតងជំនួសវិញ៕