តម្លៃកាក់ Bitcoin បន្តហក់ឡើងលើស ១០ម៉ឺនដុល្លារ ជាលើកដំបូង

អន្តរជាតិ

រូបិយប័ណ្ឌឌីជីថល Bitcoin បានឈានដល់តម្លៃខ្ពស់បំផុតជាប្រវត្តិសាស្រ្តថ្មីមួយផ្សេងទៀត បន្ទាប់ពីកើនឡើងលើស ១០ម៉ឺនដុល្លារ ជាលើកដំបូង ខណ:ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យមានការរំពឹងទុកខ្ពស់សម្រាប់វិស័យរូបិយប័ណ្ណគ្រីបតូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាក់ Bitcoin ត្រូវបានគេជួញដូរនៅជុំវិញតម្លៃ ១០២ ៦០០ដុល្លារ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូកន្លងទៅ។ នេះបើយោងតាមទីផ្សារដោះដូររូបិយប័ណ្ណគ្រីបតូ Coin Matrics។

គួរឲ្យដឹងផងដែរថា Bitcoin បានកើនឡើងតម្លៃដល់ទៅទ្វេដងនៅឆ្នាំនេះ​។ ហើយនៅក្នុងរយ:ពេល ៤សប្តាហ៍ចុងក្រោយ កាក់គ្រីបតូដ៏ល្បីល្បាញបំផុតមួយនេះ បានកើនឡើងតម្លៃប្រហែល ៤៥% គិតចាប់តាំងពីការឈ្នះឆ្នោតរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកាមក។

ជម្រាបជូនថា តម្លៃ Bitcoin បានបន្តហក់ឡើងដល់កម្រិតកំណត់ត្រាថ្មីៗ ក្រោយមានក្តីរំពឹងទុកថា លោក ត្រាំ នឹងធ្វើឲ្យការកាន់អំណាចលើកទីពីររបស់ខ្លួនក្នុងសេតវិមាន ក្លាយជាយុគសម័យមាសនៃរូបិយប័ណ្ណគ្រីបតូ ដែលនឹងរួមបញ្ចូលបទប្បញ្ញត្តិគាំទ្របន្ថែមទៀតសម្រាប់ឧស្សាហកម្មប្រភេទនេះ ក៏ដូចជាបង្កើតទុនបម្រុង ឬស្តុកទុកកាក់ Bitcoin ជាយុទ្ធសាស្ត្រជាតិ៕