ចំនួនមហាសេដ្ឋីក្នុងប្រទេសចិន ធ្លាក់ចុះមកនៅត្រឹម ៤២៧ នាក់ ដោយសារសេដ្ឋកិច្ចស្រុតចុះ

អន្តរជាតិ

ធនាគារវិនិយោគពហុវិនិយោគ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសចិន បានធ្លាក់ចុះមកត្រឹម ៤២៧ នាក់ក្នុងឆ្នាំ២០២៤ នេះ ពីចំនួន ៥២០ កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះនៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Standard។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងនោះ ក៏បានថយចុះ ២០ភាគរយ មកនៅចំនួនត្រឹមប្រហែល ១,៤ទ្រីលានដុល្លារ ដែលបានបង្ហាញពីការរងផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃវិស័យឯកជន នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរលើពិភពលោកមួយនេះ។

របាយការណ៍របស់ UBS បាននិយាយបន្ថែមថា ដោយសារវិបត្តិក្នុងវិស័យអចលនទ្រព្យ និងភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ បញ្ជីឈ្មោះអ្នកមានទ្រព្យសម្បតិ្ត ១ពាន់លានដុល្លារ របស់ចិន បានធ្លាក់ចុះមកនៅចំនួនត្រឹម ១៣២ នាក់។

គួរឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានប្រឈមមុខនឹងការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបញ្ហាប្រឈមជាច្រើនដូចជាការរលំនៃវិស័យអចលនទ្រព្យដ៏ធំរបស់ខ្លួន ក៏ដូចជាការធ្លាក់ចុះនៃវិស័យឯកជនក្រោយមានការបង្ក្រាបអាជីវកម្មទ្រង់ទ្រាយធំ និងការចំណាយរបស់អ្នកប្រើប្រាស់មានភាពទន់ខ្សោយ ផងដែរ។

មិនតែប៉ុណ្ណោះ ស្ថាប័ន UBS បាននិយាយទៀតថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរបស់ប្រទេសចិន បានកើនឡើងក្នុងអត្រាច្រើនជាង ២០% ក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០១៥ ដល់២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក បានធ្លាក់ចុះចំនួន ៥% ជារៀងរាល់ឆ្នាំ ដោយសារតែយុទ្ធនាការវិបុលភាពរួម និងបរិយាកាសបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង៕