យោងតាមរដ្ឋបាលសុវត្ថិភាពចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយកាលពីថ្ងៃទី៥ ខែធ្នូថា ក្រុមហ៊ុន Honda នឹងប្រមូលត្រលប់មកវិញនូវរថយន្តប្រភេទ SUV របស់ខ្លួន ក្នុងចំនួនប្រហែល ២០៥ ៧៦០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញបញ្ហាលេចធ្លាយប្រេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ការប្រមូលត្រលប់មកវិញសារនេះ នឹងពាក់ព័ន្ធជាមួយរថយន្តម៉ូដែល SUV Passport និង Pilot មួយចំនួន ដែលផលិតនៅចន្លោះឆ្នាំ២០២៣ ដល់២០២៥។
ទន្ទឹមនឹងនេះ និយតករសុវត្ថិភាពស្វ័យប្រវត្តិរបស់សហរដ្ឋអាមេរិក បាននិយាយទៀតថា បំពង់ប្រេងឥន្ធន:អាចបែកចេញពីគ្នា ដែលធ្វើឲ្យសាំងលេចធ្លាយលើម៉ូដែលមួយចំនួន និងអាចបង្ករជាហានិភ័យឆាបឆេះកើតឡើង។
ជម្រាបជូនផងដែរថា ចំពោះបញ្ហានេះ ខាងក្រុមហ៊ុនរថយន្ត Honda នឹងធ្វើការត្រួតពិនិត្យឡើងវិញ និងផ្តល់ការជួសជុលដោយមិនគិតថ្លៃ ជូនដល់អតិថិជនរបស់ខ្លួនវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters៕