សិង្ហបុរី ជាប់ក្នុងចំណោមគោលដៅដែលមានមហាសេដ្ឋីទៅរស់នៅច្រើនជាងគេបំផុត

អន្តរជាតិ

មហាសេដ្ឋីគ្រាក់ៗជាច្រើន កំពុងផ្លាស់ប្តូរទីលំនៅរបស់ពួកគេញឹកញាប់ជាងមុន ដោយក្នុងចំណោមនោះ ប្រទេសស្វីស សិង្ហបុរី អារ៉ាប់រួម និងសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកជាគោលដៅដែលមានមហាសេដ្ឋីផ្លាស់ទៅរស់នៅច្រើនជាងគេបំផុត។ នេះបើយោងតាមរបាយការណ៍ពីធនាគារឯកជន UBS ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



សរុបមក មហាសេដ្ឋីដែលមានទឹកប្រាក់សរុបជាង ៤០០ពាន់លានដុល្លារអាមេរិក បានធ្វើអន្តោប្រវេសន៍ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកបានទាក់ទាញមហាសេដ្ឋីទៅរស់នៅច្រើនជាងគេ។

ប៉ុន្តែទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ចុងក្រោយរបស់ UBS Billionaire Ambitions Report បានចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ថា ប្រទេសសិង្ហបុរី គឺជា​ជំរក​សម្រាប់មហាសេដ្ឋីសរុបចំនួន ៤៧ នាក់ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ៤១ នាក់ កាលពីឆ្នាំមុន។

ប្រភពដដែល បានបានបន្ថែមឲ្យដឹងទៀតថា ប្រហែល ២ភាគ៣ នៃចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេសសិង្ហបុរី គឺកើតចេញពីការខិតខំប្រឹងប្រែងធ្វើមុខជំនួញពីបាតដៃ​ទទេ​ ពោលគឺស្ទើរតែស្មើនឹងចំនួនមហាសេដ្ឋីនៅទីក្រុងហុងកុងដែរ។

មិនតែប៉ុណ្ណោះ ស្ថាប័ន UBS បាននិយាយទៀតថា ដោយផ្អែកលើកម្រិតមូលដ្ឋានជាមធ្យម ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅប្រទេសសិង្ហបុរី បានកើនឡើង ២៧% ពីចំនួន ២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ៣,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ៕