ក្រុមហ៊ុនបន្ទះឈីប Nvidia និងរដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងចាប់ដៃរួមគ្នាសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ AI ថ្មី ក៏ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ផងដែរ នៅក្នុងប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន Nvidia ក៏បាននិយាយផងដែរថា ខ្លួនបានសម្រេចចិត្តយកក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព VinBrain ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនវៀតណាម Vingroup ផងដែរ ប៉ុន្តែមិនបានបញ្ជាក់នូវតម្លៃនៃកិច្ចព្រមព្រៀងនេះនោះឡើយ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ Nvidia លោក Jensen Huang បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយនាពេលថ្មីៗនេះ ថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន ចង់ពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់វៀតណាម និងគាំទ្រប្រទេសនេះក្នុងការបណ្តុះបណ្តាលទេពកោសល្យសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍រវាងក្រុមហ៊ុន Nvidia និងរដ្ឋាភិបាលវៀតណាម ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់មហាសេដ្ឋី លោក Huang និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតចំពោះតម្លៃ ទាក់ទងនឹងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យដែលបានគ្រោងទុកនេះ នោះឡើយ៕