TikTok នៅតែបន្តប្រឈមមុខនឹងការបិទចោលនៅសហរដ្ឋអាមេរិក បន្ទាប់ពីចាញ់បណ្តឹងឧទ្ធរណ៍របស់តុលាការ

អន្តរជាតិ

តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​អាមេរិក​ កាលពីចុងសប្តាហ៍មុន បាន​តម្កល់​ច្បាប់​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន ByteDance មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដកចេញកម្មវិធី TikTok របស់ខ្លួន នៅ​សហរដ្ឋអាមេរិក​នៅត្រឹម​ដើម​ឆ្នាំ​ក្រោយ ឬ​មួយត្រូវប្រឈម​នឹង​កាបិទចោលទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការ​សម្រេច​ចិត្ត​នេះ ​ត្រូវបានចាត់ទុកថាជាជ័យជម្នះដ៏ធំមួយសម្រាប់តុលាការសហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលជា​គូ​ប្រជែង​របស់កម្មវិធីបណ្តាញសង្គមគ្រប់​គ្រង​ដោយ​ចិន ដោយសារតែវានឹងដាក់សម្ពាធកាន់តែខ្លាំងចំពោះក្រុមហ៊ុនមេ ByteDance ដើម្បីលក់ចេញកម្មវិធីរបស់ខ្លួន។

មិនតែប៉ុណ្ណោះ ចំពោះការរក្សាច្បាប់នេះ បានបង្កើនឲ្យមានការរំពឹងទុកចំពោះលទ្ធភាពនៃការហាមឃាត់ដែលមិនធ្លាប់មានពីមុន ក្នុងរយៈពេលត្រឹមតែប្រាំមួយសប្តាហ៍បន្ទាប់ ទៅលើកម្មវិធីប្រព័ន្ធបណ្តាញសង្គមខ្នាតយក្សរបស់ចិនដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកក្នុងចំនួនប្រហែល ១៧០លាននាក់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា TikTok នឹងបន្តធ្វើការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល។

ដូចដែលបានដឹងស្រាប់ហើយថា យោងទៅតាមសេចក្តីសម្រេចកាលពីមុន ByteDance មានពេលរហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ ឬដកហូតទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ឬមួយត្រូវប្រឈមនឹងការហាមឃាត់ទាំងស្រុង។

ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា នៅក្រោមភាពជាម្ចាស់របស់ចិន TikTok បង្កការគំរាមកំហែងដោយសារតែការលួចចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដ៏ច្រើនរបស់ជនជាតិអាមេរិក និងថែមទាំងបានអះអាងទៀតថា ប្រទេសចិន អាចក្លែងបន្លំព័ត៌មានរបស់ជនជាតិអាមេរិកយកប្រើប្រាស់ តាមរយៈកម្មវិធី TikTok ។

អគ្គមេធាវី លោក Merrick Garland បានហៅការសម្រេចចិត្តនេះថា ជាជំហានដ៏សំខាន់មួយក្នុងការរារាំងរដ្ឋាភិបាលចិន មិនឲ្យប្រើប្រាស់ TikTok ដើម្បីធ្វើជាអាវុធប្រឆាំងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនថា សេចក្តីសម្រេចនេះ បានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានដាក់ការរឹតបន្តឹងថ្មីលើឧស្សាហកម្មបន្ទះឈីបរបស់ចិន ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លើយតបវិញ ជាមួយនឹងការដាក់បម្រាមទាំងស្រុងលើការនាំចេញរ៉ែសំខាន់ៗដែលប្រើប្រាស់ក្នុងឧស្សាហកម្មបន្ទះឈីបដូចជា ហ្គាលីញ៉ូម ហ្រ្គេនញ៉ូម និងអង់ទីម៉ូនី ទៅកាន់សហរដ្ឋអាមេរិក៕