ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលគ្រប់គ្រងដោយមហាសេដ្ឋីវៀតណាម លោក Pham Nhat Vuong កាលពីថ្ងៃអាទិត្យបានប្រកាសពីផែនការក្នុងការសាងសង់រោងចក្រផលិតរថយន្តទីពីររបស់ខ្លួន នៅក្នុងស្រុក ដែលនឹងបង្កើនសមត្ថភាពផលិតទ្វេដង ដើម្បីបំញេញតម្រូវការកើនឡើងសម្រាប់ម៉ូដែលធុនតូច និងមធ្យមរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន VinFast បាននិយាយថា រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងផលិតរថយន្តសរុបបានចំនួន ៣ សែនគ្រឿងក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលដំបូងរបស់ខ្លួន ពោលគឺមានសមត្ថភាពផលិតដូចគ្នាទៅនឹងរោងចក្រដែលមានស្រាប់នៅទីក្រុង Haiphong ដែរ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីដែលនឹងសាងសង់នៅក្នុងខេត្ត Ha Tinh ភាគកណ្តាលប្រទេស នឹងផលិតរថយន្តសម្រាប់ម៉ូដែលចម្បងរបស់ខ្លួនដូចជា VF 3 និង VF 5 សម្រាប់លក់ក្នុងស្រុក និងនាំចេញ ដោយប្រតិបត្តិការផលិតនឹងចាប់ផ្តើម នៅខែកក្កដាឆ្នាំក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Vingroup បាននិយាយកាលពីខែមុនថា ការខាតបង់ក្នុងត្រីមាសទីបីរបស់ខ្លួន បានធ្លាក់ចុះមកនៅត្រឹម ៥៥០លានដុល្លារ ដែលបានឆ្លុះបញ្ចាំងពីតម្លៃសម្ភារៈទាប និងការកើនឡើងនៃផលិតកម្ម។
VinFast ចែកចាយរថយន្តសរុបចំនួនជាង ៤៤ ០០០ គ្រឿង ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ពោលគឺសម្រេចបានត្រឹមតែ ៥៥% នៃគោលដៅចំនួន ៨០ ០០០ គ្រឿងរបស់ខ្លួនសម្រាប់ឆ្នាំនេះ។ ប៉ុន្តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅតែមានទំនុកចិត្តខ្ពស់់ក្នុងការឈានដល់គោលដៅនេះ សម្រាប់រយ:ពេលដែលនៅសេសសល់។
ជម្រាបជូនថា រោងចក្រថ្មីនេះ នឹងមានទីតាំងនៅក្នុងបរិវេណដូចគ្នាទៅនឹងរោងចក្រអាគុយរបស់ VinFast ដែរ ហើយនឹងប្រើប្រាស់គ្រឿងបន្លាស់ពីរោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុននៅទីក្រុង Haiphong។ VinFast ក៏បានប្រកាសពីផែនការក្នុងការសាងសង់រោងចក្រដំឡើងទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា ផងដែរ បន្ទាប់ពីបានពន្យារពេលលើគម្រោងសាងសង់រោងចក្រនៅរដ្ឋ North Carolina ទឹកដីសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨៕