កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានសាធារណៈជនទូទៅទទួលស្គាល់រូបលោកថាជាកំពូលតារាបាល់ទាត់មួយរូបក្នុងចំណោមតារាបាល់ទាត់ផ្សេងទៀត ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក។ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីសុះសាយ រួមទាំងកម្រិតនៃការលេងបាល់ដ៏ល្អផងនោះ បានធ្វើឲ្យរូបលោកទទួលបានប្រាក់បៀវត្សខ្ពស់កប់ពពក និងមានទ្រព្យយ៉ាងច្រើនមហាសាល ជាមួយនឹងការទិញនូវរថយន្តប្រណីតៗជាច្រើនគ្រឿង រួមទាំងយន្តហោះឯកជន (Private Jet) Gulfstream G650 តម្លៃដល់ទៅ ៧៣លានដុល្លារផងដែរ។
បើតាមក្រុមហ៊ុន SimpleFlying យន្តហោះមួយគ្រឿងនេះ អាចមានសមត្ថភាពផ្ទុកអ្នកដំណើរហោះហើរបានដល់ទៅ ១៩នាក់ ក្នុងរយៈចម្ងាយប្រមាណ ៧ ៥០០ម៉ាយ ដោយពុំចាំបាច់ឈប់ចុះចត ចាក់បំពេញប្រេងឡើយ។ លើសពីនោះ ក៏មានការរចនាយ៉ាងប្រណីតបំពាក់មកនូវគ្រឿងបរិក្ខារទំនើបៗ ផ្តល់ឲ្យ Ronaldo និងក្រុមគ្រួសារទទួលបាននូវផាកសុខភាពផងដែរ។
ជាមួយនឹងភាពស៊ីវិល័យយ៉ាងដូច្នេះ តើការថែទាំនឹងត្រូវចំណាយទឹកប្រាក់ចំនួនប៉ុន្មាន? យោងតាមក្រុមហ៊ុន LibertyJet ថវិកាត្រៀមសរុបប្រចាំឆ្នាំសម្រាប់ប្រើប្រាស់ក្នុងការថែទាំលើយន្តហោះ Gulfstream 650 គឺរយៈពេលហោះហើរបាន ២០០ម៉ោងក្នុងមួយឆ្នាំនោះនឹងត្រូវចំណាយប្រហែលជាជាង ១លាន ៨៦ម៉ឺនដុល្លារ ឬអាចកើនដល់ទៅជិត ៣លានដុល្លារឯណោះ ប្រសិនបើហោះហើរដល់ ៤០០ម៉ោងក្នុងមួយឆ្នាំ។
សូមជម្រាបថា ការចំណាយលើការធ្វើដំណើរត្រឹមប៉ុណ្ណេះ អាចថាជារឿងមិនថ្វីសម្រាប់ Cristiano Ronaldo ត្បិតម្ចាស់ពានរង្វាន់ Ballon Dór ប្រាំសម័យកាលរូបនេះ ត្រូវបានសារព័ត៌មាន Goal ទម្លាយឲ្យដឹងថា លោកទទួលបានប្រាក់បៀវត្សចំនួន ២១៥លានដុល្លារក្នុងមួយឆ្នាំ ក្រោមការប្រកបអាជីពជាមួយក្រុមបាល់ទាត់ Al Nassr លើលីគវាលខ្សាច់ Saudi Pro ៕