ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Porsche គ្រោងបោះទុនសាងសង់អគារខុនដូដំបូងគេក្នុងតំបន់អាស៊ី នៅទីក្រុងបាងកក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ Porsche កំពុងចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុករបស់ប្រទេសថៃ ដើម្បីសាងសង់ខុនដែលមានតម្លៃរហូតដល់ ៤០លានដុល្លារ ក្នុងមួយយូនីត នៅទីក្រុងបាងកក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Porsche Design ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ Porsche កំពុងសហការគ្នាជាមួយក្រុមហ៊ុន Anada Development របស់ប្រទេសថៃ ដើម្បីសាងសង់អគារខុនដូរកម្ពស់ ២១ ជាន់ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ១៥ទៅ ៤០លានដុល្លារ ក្នុងមួយយូនីត។

គួរឲ្យដឹងផងដែរថា អគារខុនដូថ្មីនេះ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ដោយវានឹងក្លាយជាអគាររបស់ក្រុមហ៊ុន Porsche Design ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី។ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាល្លឺម៉ង់មួយនេះ ក៏មានគម្រោងអភិវឌ្ឍអចលនទ្រព្យនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Porsche Design បានសម្លឹងឃើញពីឱកាសទីផ្សារខុនដូដ៏រីកចម្រើនរបស់ប្រទេសថៃ ប៉ុន្តែទោះជាយ៉ាងណាតម្លៃនៅតែត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងខ្លាំងជាង បើធៀបទៅនឹងគូប្រជែងក្នុងតំបន់។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យរបស់ប្រទេសថៃ បាននិយាយថា ជនបរទេសបានទិញ ៣៣% នៃខុនដូប្រណីតៗសរុបនៅប្រទេសថៃ ក្នុងឆមាសទីមួយឆ្នាំនេះ ពោលគឺបានកើនឡើងពី ២៥% ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕