ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីកំពូលឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងវិនិយោគថ្មីមួយមានតម្លៃជាង ៧,៥ទ្រីលានរូពី (៨៨,៥ពាន់លានដុល្លារ) នៅក្នុងរដ្ឋរ៉ាចាស្ថាន ខណ:នេះជាការវិនិយោគដ៏ធំលើកដំបូងរបស់ក្រុមហ៊ុន ចាប់តាំងពីមានការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកលើស្ថាបនិករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Jaipur ដែលមានការចូលរួមដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ពោលគឺតិចជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើស្ថាបនិក លោក Adani និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយចំនួនទៀត នៅក្នុងគម្រោងស៊ីសំណូកដែលមានតម្លៃជិត ៣០០លានដុល្លារ ដើម្បីទទួលបានកិច្ចសន្យាពីរដ្ឋាភិបាលឥណ្ឌា។
ទោះយ៉ាងណាក៏ដោយ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Adani Group បាននិយាយថា ផែនការវិនិយោគរបស់ក្រុមខ្លួននៅតែបន្តទៅមុខជានិច្ច បើទោះបីជាមានការចោទប្រកាន់នេះក្តី។
ជុំវិញគម្រោងវិនិយោគថ្មីខាងលើ លោក Karan Adani នាយកគ្រប់គ្រងក្រុមហ៊ុន Adani Ports បាននិយាយថា ទឹកប្រាក់មួយផ្នែកនឹងត្រូវចាក់បញ្ចូលទៅក្នុងវិស័យនានា រួមទាំងថាមពលកកើតឡើងវិញ ស៊ីម៉ងត៍ និងភស្តុភារ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Adani គ្រោងនឹងបង្កើតរោងចក្រស៊ីម៉ងត៍ថ្មីចំនួន ៤ ដើម្បីបង្កើនសមត្ថភាពផលិតបន្ថែមចំនួន ៦ លានតោនក្នុងមួយឆ្នាំ។ លោក Adani បន្ថែមទៀតថា ក្រុមរបស់ខ្លួនក៏មានគម្រោងសាងសង់ប្រព័ន្ធអេកូថាមពលបៃតងរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់ពិភពលោក ដែលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញកម្លាំង ១០០ ជីហ្គាវ៉ាត់ (GW) គម្រោងថាមពលអ៊ីដ្រូសែន ២ លានតោន និងគម្រោងវារីអគ្គិសនី កម្លាំង ១,៨ GW ផងដែរ៕