ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនបានចាប់ផ្តើមបន្តទិញមាសសម្រាប់ជាទុនបម្រុងទុកឡើងវិញ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីការផ្អាករយ:ពេល ៦ខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទិន្នន័យផ្លូវការដែលបានចេញផ្សាយដោយរដ្ឋាភិបាលចិនបានបង្ហាញថា ការកាន់កាប់មាសរបស់ PBOC គិតនៅត្រឹមចុងខែវិច្ឆិកា បានកើនឡើងដល់ ៧២,៩៦ លានអោនស៍ (២២៨០តោន) បើធៀបទៅនឹងខែតុលា ដែលមានចំនួន ៧២,៨០ លានអោនស៍ (២២៧៥តោន)។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាចំនួនកើនឡើង ប៉ុន្តែតម្លៃនៃទុនបម្រុងមាសរបស់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម ១៩៣,៤ពាន់លានដុល្លារ កាលពីខែចុងខែមុន បើធៀបទៅនឹងតម្លៃ ១៩៩ពាន់លានដុល្លារ គិតត្រឹមចុងខែតុលា ដោយសារតែតម្លៃមាសសកលធ្លាក់ចុះ ចំពេលមានភាពមិនច្បាស់លាស់លើស្ថានភាពសេដ្ឋកិច្ច ក្រោយការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី។
តម្លៃមាស Spot បានធ្លាក់ចុះ ៥% ចាប់តាំងពីមានការកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ២ ៧៩០ដុល្លារក្នុងមួយអោន គិតនៅត្រឹមថ្ងៃទី៣១ ខែតុលា ប៉ុន្តែទោះជាយ៉ាងណា តម្លៃមាសនៅតែកើនឡើង ២៨% នៅឆ្នាំនេះ។
លោក Ole Hansen ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុន Saxo Bank បាននិយាយថា ការទិញចូលមាសសម្រាប់ទុកជាទុនបម្រុងឡើងវិញនេះ កំពុងបង្ហាញថា PBOC ចង់សម្របខ្លួនទៅនឹងកម្រិតតម្លៃដ៏ខ្ពស់ទាំងនេះ ហើយកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីកសាងទុនបម្រុងឡើងវិញ ដោយមិនខ្វល់ពីស្ថានភាពអ្វីទាំងអស់៕