លោក Raj Kumar និង Kishin RK ដែលត្រូវជាឪពុក និងកូន កាន់កាប់ក្រុមហ៊ុនអលចនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានបង្ហើបប្រាប់ពីគម្រោងក្នុងការបើកការិយាល័យដំបូងរបស់ខ្លួន នៅក្នុងទីក្រុង Abu Dhabi ។
បើតាមចុះផ្សាយពីសារព័ត៌មាន The Star បានបង្ហាញឲ្យដឹងថា ក្រុមគ្រួសារមហាសេដ្ឋីសិង្ហបុរីនេះ នឹងចូលរួមក្នុងចំណោមបុគ្គលមានទ្រព្យសម្បត្តិដ៏ច្រើនបំផុតលើពិភពលោកផ្សេងទៀត ដែលបានសម្រុកទៅដាក់ទីតាំងអាជីវកម្មរបស់ខ្លួន នៅប្រទេសអារ៉ាប់រួម ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងបទសម្ភាសមួយ លោក Kishin RK បាននិយាយថា ការិយាល័យដំបូងរបស់ខ្លួនឈ្មោះថា RB Family Office នឹងមានទីតាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ Abu Dhabi Global Market ដែលស្ថិតនៅលើកោះ Al Maryah ក្នុងរាជធានីរបស់ប្រទេសអារ៉ាប់រួម។
ទន្ទឹមនឹងនេះ លោក Kishin បាននិយាយទៀតថា៖ “យើងបានជ្រើសរើសទីក្រុង Abu Dhabi ដើម្បីបើកការិយាល័យដំបូង ព្រោះវាជាទីតាំងនៅក្នុងតំបន់ជាយុទ្ធសាស្រ្ត និងមានក្របខ័ណ្ឌច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ការដាក់ទីតាំងការិយាល័យគ្រួសារនៅទីនោះ នឹងក្លាយជាមធ្យោបាយមួយដើម្បីបង្កើតវត្តមានរបស់យើង និងអនុញ្ញាតឲ្យយើងពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងប្រទេសអារ៉ាប់រួម និងនៅប៉ែកមជ្ឈិមបូព៌ាទាំងមូល”។
ជម្រាបជូនផងដែរថា គ្រួសារលោក Kishin ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែល ៣,១៥ពាន់លានដុល្លារ ខណ:ការបើកការិយាល័យថ្មីនេះ នឹងផ្តោតជាចម្បងលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ វិស័យលក់រាយ ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច៕