នាយកប្រតិបត្តិ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook លោក Mark Zuckerberg បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើងចំនួនដល់ទៅ ៨៧,៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ នេះ។
ការកើនឡើងនេះបានធ្វើឲ្យលោក Mark ក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី៣ នៅលើពិភពលោក ជាមួយនឹងចំនួនសរុបប្រមាណ ២១៥ពាន់លានដុល្លារ។ នេះមានន័យថា លោក Mark តាមពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk (មានទ្រព្យសម្បត្តិសរុប ៣៦២ពាន់លានដុល្លារ) និងលោក Jeff Bezos (ទ្រព្យសម្បត្តិសរុប ២៤០ពាន់លានដុល្លារ) ប៉ុណ្តោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។
គួរកត់សម្គាល់ថាទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់លោក Mark ត្រូវបានគេរាយការណ៍ថាមានចំនួនលើសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលេចធ្លោមួយចំនួនរួមបញ្ចូលគ្នាទៅទៀត។
ជាក់ស្តែងដូចជា ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ដែលបច្ចុប្បន្នជាប់ក្នុងបញ្ជីអ្នកមានបំផុតទី៩ ជាមួយទ្រព្យសម្បត្តិសរុប ១៤៧ពាន់លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុន Citadel LLC លោក Ken Griffin ដែលជាអ្នកមានបំផុតទី៣៧ មានទ្រព្យសម្បត្តិ ៤២,៤ពាន់លានដុល្លារ។ វិនិយោគិន លោក Peter Thiel ជាប់ចំណាត់ថ្នាក់ទី១៤១ ជាមួយនឹងទ្រព្យសម្បត្តិ ១៥,៩ពាន់លានដុល្លារ និងលោក Mark Cuban ម្ចាស់ក្រុមបាល់បោះ NBA និងជាអ្នកវិនិយោគ ដោយមានទ្រព្យសម្បត្តិសរុប ៨,១ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា បើសិនបូកចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីល្បីឈ្មោះទាំង៤ រូបខាងលើបញ្ចូលគ្នា មានចំនួនត្រឹមតែជាង ២១៣ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងបើធៀបទៅនឹងទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់លោក Mark Zuckerberg ៕