BYD កំពុងខិតជិតក្នុងការក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេរបស់ពិភពលោក នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ប្រទេសចិន BYD បានបង្កើនចំណែកទីផ្សារយ៉ាងខ្លាំង ជាមួយនឹងក្តីរំពឹងទុកខ្ពស់ថា ក្រុមហ៊ុនរបស់ខ្លួន អាចឈានដល់គោលដៅលក់ប្រចាំឆ្នាំជាសាកលរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤នេះ និងថែមទាំងអាចវ៉ាដាច់ក្រុមហ៊ុន Ford របស់អាមេរិក និង Honda របស់ប្រទេសជប៉ុន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារតែមានការជំរុញពីការលក់ដ៏រឹងមាំនៅក្នុងប្រទេសចិន BYD កំពុងតែឈានទៅរកការសម្រេចគោលដៅលក់ប្រចាំឆ្នាំរបស់ខ្លួនចំនួន ៤ លានគ្រឿង នៅឆ្នាំនេះ ដែលនឹងធ្វើឲ្យពួកគេនាំមុខទៅលើបរិមាណលក់របស់ក្រុមហ៊ុនផលិតរថយន្តកំពូលៗរបស់ពិភពលោក ដូចជា Honda និង Ford ជាដើម ។

បើតាមទិន្ន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន បានចែកចាយរថយន្តសរុបក្នុងចំនួន ៣,៧៦ លានគ្រឿង នៅរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ រួមទាំងរថយន្តចំនួន ៥០៦ ៨០៤ គ្រឿងដែលត្រូវបានលក់ក្នុងខែវិច្ឆិកាតែមួយ។

មិនតែប៉ុណ្ណោះ ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញឲ្យដឹងទៀតថាគិតត្រឹមខែមុន ក្រុមហ៊ុន BYD មានចំណែកជាង ៩០% នៅក្នុងទីផ្សាររថយន្តចិន ជាមួយនឹងការកើនឡើង ១៦,២% ពីចំនួន ១២,៥% ​​ក្នុងឆ្នាំ២០២៣។

យ៉ាងណាមិញ ប្រសិនបើសន្ទុះនៃការលក់នៅតែបន្តនោះ BYD អាចនឹងលក់រថយន្តរបស់ខ្លួនបានជាង ៦ លានគ្រឿង ក្នុងរយៈពេល ១២ខែខាងមុខ ដែលចំនួននេះ នឹងធ្វើឲ្យពួកគេតាមទាន់ក្រុមផលិតរថយន្តឈានមុខគេរបស់ពិភពលោក ដូចជា General Motors និង Stellantis ផងដែរ។

បើតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Citi បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថ្មីៗនេះថា ក្រុមហ៊ុន BYD បានដាក់គោលដៅចែកចាយរថយន្តចន្លោះពី ៥ទៅ ៦លានគ្រឿង នៅក្នុងឆ្នាំ២០២៥ ខាងមុខ៕