លោក ស៊ី ជិនពីង ​ព្រមានថានឹងគ្មានអ្នកណាឈ្នះឡើយ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ បានព្រមានថាសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក នឹងនាំឲ្យមានការខាតបង់ទាំងសងខាង ហើយនឹងគ្មាននរណាឈ្នះលើរឿងនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ី បាននិយាយអំពីទំនាក់ទំនងចិន-អាមេរិក នៅពេលជួបជាមួយប្រធានស្ថាប័នហិរញ្ញវត្ថុពហុភាគីនៅទីក្រុងប៉េកាំងថា សង្រ្គាមពន្ធ សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា ដែលប្រឆាំងទៅនឹងនិន្នាការប្រវត្តិសាស្រ្ត និងច្បាប់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នឹងមិនមានអ្នកឈ្នះទេ។

ទន្ទឹមនឹងនេះ លោក ស៊ី បានបន្ថែមទៀត៖ “ប្រទេសចិន នៅតែមានឆន្ទៈរក្សាការសន្ទនាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកជានិច្ច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ក្នុងទិសដៅរក្សាស្ថិរភាព ទំនាក់ទំនងល្អ និងនិរន្តរភាព”។

ជុំវិញការលើកឡើងរបស់មេដឹកនាំកំពូលចិនបែបនេះ បានកើតឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយចិន ដោយចោទប្រកាន់ពីការលួចកម្មសិទ្ធិបញ្ញា និងការអនុវត្តដោយអយុត្តិធម៌ ផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានសន្យាថានឹងដំឡើងពន្ធកាន់តែខ្ពស់លើប្រទេសចិន បន្ទាប់ពីការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅខែក្រោយ ខណៈពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រឈមនឹងការរង្គោះរង្គើផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង៕