ក្រុមហ៊ុន Nvidia ប្រឈមមុខនឹងការផាកពិន័យ ១ពាន់លានដុល្លារ ជុំវិញការស៊ើបអង្កេតទ្រង់ទ្រាយធំរបស់ចិន

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូល Nvidia អាចប្រឈមមុខនឹងការផាកពិន័យរហូតដល់ទៅ ១ពាន់លានដុល្លារ នៅក្នុងប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងបើកការស៊ើបអង្កេតទ្រង់ទ្រងធំទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក ពាក់ព័​ន្ធច្បាប់ប្រឆាំងនឹងទំនុកចិត្តរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលនីយ័តកម្មទីផ្សាររបស់ចិន បាននិយាយថា Nvidia ត្រូវបានសង្ស័យថាបានរំលោភបំពានលើកិច្ចព្រមព្រៀងមួយចំនួនដែលពួកគេបានធ្វើឡើងកាលពីឆ្នាំ២០២០ អំឡុងពេលទិញយកក្រុមហ៊ុនរចនាបន្ទះឈីបរបស់អ៊ីស្រាអែល Mellanox Technologies ។

ទីភ្នាក់ងារដដែលនេះ ហាក់មិនបានបញ្ជាក់លម្អិតនូវរបៀបជាក់លាក់ដែលក្រុមហ៊ុន Nvidia បំពានច្បាប់ទប់ស្កាត់ការអនុវត្តប្រឆាំងទៅនឹងការប្រកួតប្រជែងរបស់ខ្លួនទាំងនេះឡើយ។ ប៉ុន្តែជុំវិញសកម្មភាពនេះ ត្រូវបានគេយល់ឃើញថា អាចជាការឆ្លើយតបវិញរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅនឹងការគៀបសង្កត់ដែលកំពុងបន្តពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើវិស័យបន្ទះឈីបរបស់ប្រទេសចិន។

យ៉ាងណាមិញ ប្រសិនបើ Nvidia ត្រូវបានគេរកឃើញថាបានបំពានច្បាប់ទីផ្សាររបស់ទីក្រុងប៉េកាំងពិតមែន នោះពួកគេអាចប្រឈមមុខនឹងការផាកពិន័យរហូតដល់ ១,០៣ពាន់លានដុល្លារអាមេរិក ។នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក South China Morning Daily ។

ជម្រាបជូនផងដែរថា យោងតាមច្បាប់ប្រឆាំងទំនុកចិត្តរបស់ប្រទេសចិននេះ ក្រុមហ៊ុននានា អាចប្រឈមនឹងការផាកពិន័យពី ១ទៅដល់ ១០ភាគរយ នៃការលក់ប្រចាំឆ្នាំរបស់ពួកគេ។ ដូច្នេះមានន័យថា ទឹកប្រាក់ផាកពិន័យចំនួន ១,០៣ពាន់លានដុល្លារ នេះ គឺស្មើនឹង ១០% នៃការលក់របស់ក្រុមហ៊ុន Nvidia នៅក្នុងប្រទេសចិន គិតក្នុងឆ្នាំហិរញ្ញវត្ថុ២០២៤ របស់ពួកគេ៕