ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាមេរិក Tesla បានរាយការណ៍ថា ខ្លួនលក់រថយន្តអគ្គិសនីបានចំនួន ២១ ៩០០ គ្រឿង ត្រឹមតែមួយសប្តាហ៍ដំបូងនៃខែធ្នូ នៅក្នុងប្រទេសចិន ដែលជាការលក់ប្រចាំសប្តាហ៍ខ្ពស់បំផុត គិតក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការលក់ប្រចាំសប្តាហ៍កើនឡើងខ្ពស់ដ៏កម្របែបនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានកត់ត្រាពីការលក់ប្រចាំខែដ៏ល្អបំផុតរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន នៅឆ្នាំនេះ ជាមួយនឹងចំនួនលើសពី ៧៣ ០០០ គ្រឿង នៅក្នុងខែវិច្ឆិកា។
គួរឲ្យដឹងផងដែរថា រថយន្ត Model Y របស់ក្រុមហ៊ុន Tesla បានក្លាយជាម៉ូដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ជាមួយនឹងចំនួនលក់សរុបបានរហូតដល់ទៅ ៥៥៦ ០០០ គ្រឿង។
ជម្រាបជូនថា ក្រុមហ៊ុនរបស់មហាសេដ្ឋីពិភពលោក Elon Musk បានបង្កើនការលើកទឹកចិត្តចំពោះការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន សម្រាប់ចុងឆ្នាំនេះ ជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ ១ម៉ឺនយ៉ន់ (ប្រមានជាង ១ ៣០០ដុល្លារ) សម្រាប់រថយន្ត Model Y ខណ:វិធានការនេះ បានធ្វើឡើងចំពេលមានការប្រកួតប្រជែងកាន់ខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក BYD ៕