នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីពេលថ្មីៗនេះ បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook ដើម្បីពិភាក្សាគ្នាអំពីការវិនិយោគដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក កំពុងបន្តធ្វើនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានបង្ហាញឲ្យដឹងទៀតថា លោក Starmer និងលោក Tim Cook គ្រោងនឹងជួបពិភាក្សាគ្នាអំពីការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីក្រុមហ៊ុននេះ បានចាក់បញ្ចូលទុនវិនិយោគដែលមានតម្លៃសរុបដល់ទៅ ១៨ពាន់លានផោន (២៣ពាន់លានដុល្លារ)ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ។
គួរឲ្យដឹងផងដែរថា លោក Tim Cook ក៏គ្រោងនឹងជួបស្តេច Charles របស់ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ ផងដែរ នៅពេលដែលអ្នកទាំងពីរនឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple នៅក្នុងទីក្រុង Battersea ដែលស្ថិតនៅភាគខាងត្បូងទីក្រុងឡុងដ៍។
ជម្រាបជូនថា ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមវិស្វកររបស់ខ្លួននៅក្នុងប្រទេសអង់គ្លេស បានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនបានរួមចំណែកផ្តល់ជូនការងារដល់ប្រជាជនអង់គ្លេសក្នុងចំនួនប្រហែល ៥៥០ ០០០ នាក់៕