នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ បានអនុម័តវិធានការគាំទ្របំណុល រួមទាំងការព្យួរអត្រាការប្រាក់ និងការកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះស្រាយបំណុលគ្រួសារដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោកស្រី Paetongtarn បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការនេះនឹងគាំទ្រដល់អ្នកលក់រាយ និងអាជីវកម្មខ្នាតតូចជាច្រើន ដើម្បីដោះស្រាយបញ្ហាបំណុលតាមរបៀបជាក់ស្តែង និងប្រកបដោយនិរន្តរភាព។
គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលថៃ បាននិងកំពុងព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលគ្រួសាររបស់ប្រទេសថៃ ដែលខ្លួនបានមើលឃើញថាជាឧបសគ្គដ៏ធំបំផុតរារាំងដល់ការប្រើប្រាស់ និងកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមឲ្យធនាគារកាត់បន្ថយការបង់វិភាគទានប្រចាំឆ្នាំចំនួន ០,២៣% នៃប្រាក់បញ្ញើរបស់ពួកគេ ទៅកាន់មូលនិធិអភិវឌ្ឍស្ថាប័នហិរញ្ញវត្ថុ (FIDF) សម្រាប់រយៈពេលបីឆ្នាំផងដែ។ ការកាត់បន្ថយវិភាគទាននៅក្នុង FIDF នេះ នឹងជួយដល់ធនាគារអាចគាំទ្រដល់កូនបំណុលរបស់ខ្លួនបាន។
មិនតែប៉ុណ្ណោះ វិធានការថ្មីនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កូនបំណុលប្រមាណ ១,៩ លាននាក់ជាមួយនឹងប្រាក់កម្ចីសរុប ៨៩០ពាន់លានបាត (២៦,២ពាន់លានដុល្លារ) ដែលអនុញ្ញាឲ្យពួកគេពន្យារពេលក្នុងការទូទាត់អត្រាការប្រាក់បានរហូតដល់ ៣ឆ្នាំ និងកាត់បន្ថយការសងប្រាក់ដើម ក្នុងអំឡុងពេលនោះ។
ជម្រាបជូនថា បំណុលគ្រួសារបានលេចចេញឡើងជាបញ្ហាដ៏សំខាន់ដែលបានរារាំងដល់ការស្ទុះងើបនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា បំណុលគ្រួសារនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១៦,៣ទ្រីលានបាត ឬស្មើនឹង ៨៩,៦% នៃ GDP របស់ប្រទេស៕