ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនទទួលយកប្រាក់ខែប្រធានាធិបតីក្នុងអំឡុងអាណត្តិថ្មីរបស់ខ្លួនឡើយ ដោយលោកបានបញ្ជាក់បន្ថែមទៀតថា ការធ្វើបែបនេះគឺជារឿងដ៏ល្អបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ក្នុងអំឡុងបទសម្ភាសន៍មួយកាលពីថ្ងៃទី៩ ខែធ្នូជាមួយសារព័ត៌មាន NBC News លោក ត្រាំ បាននិយាយថា ៖”ក្នុងតំណែងជាប្រធានាធិបតីអាចនឹងទទួលបានប្រាក់ឈ្នួលប្រហែល ៤៥០ ០០០ដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែខ្ញុំនឹងមិនយកសូម្បីតែមួយសេន ដូច្នេះមានន័យថាខ្ញុំបានបោះបង់លុយច្រើនណាស់”។
យ៉ាងណាមិញនៅពេលត្រូវបានសួរនាំដោយអ្នកសារព័ត៌មាន NBC ជុំវិញការមិនយកប្រាក់ខែនេះ លោក ត្រាំ បានពន្យល់ថាលោកមិនចង់បានលុយអ្វីនោះឡើយ ដោយសារតែនេះជារឿងដ៏ល្អបំផុតដែលលោកត្រូវធ្វើ។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ការងារជាប្រធានាធិបតី នឹងទទួលបានប្រាក់ឈ្នួលប្រមាណ ៤សែនដុល្លារក្នុងមួយឆ្នាំ រួមជាមួយនឹងទឹកប្រាក់អត្ថប្រយោជន៍មួយចំនួនផ្សេងទៀត។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានបន្ថែមទៀតថា៖ “នេះអាចជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែគ្មានប្រធានាធិបតីណាម្នាក់ធ្វើវានោះឡើយ។ ប៉ុន្តែប្រហែលជាមេដឹកនាំមុនៗ ដូចជា Theodore Roosevelt, John F. Kennedy ឬ George Washington មិនធ្លាប់យកប្រាក់ខែផងក៏មិនដឹង ប៉ុន្តែខ្ញុំមិនប្រាកដលើរឿងនេះទេ” ។
ជម្រាបជូនផងដែរថា ក្នុងអំឡុងយុទ្ធនាគារបោះឆ្នោតនៅឆ្នាំ២០១៦ លោក ត្រាំ បានសន្យាថានឹងបរិច្ចាគប្រាក់ខែខ្លួនទាំងអស់ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។ លោក ត្រាំ ត្រូវបានគេជឿថាបានបរិច្ចាគយ៉ាងហោចណាស់ ១,៤លានដុល្លារនៃប្រាក់ឈ្នួលសរុប ១,៦លានដុល្លារ ដែលលោកទទួលបានចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដល់ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ដូចជានាយកដ្ឋានកិច្ចការអតីតយុទ្ធជន និងទីភ្នាក់ងារឧទ្យានជាតិ ជាដើម៕