តម្លៃកាហ្វេជាមធ្យមបានកើនឡើងជាង ៥០% នៅឆ្នាំនេះ ដែលជំរុញឲ្យរដ្ឋាភិបាលវៀតណាម រំពឹងទុកខ្ពស់ថាប្រាក់ចំណូលបានពីការនាំចេញកាហ្វេរបស់ខ្លួន អាចនឹងកើនឡើងលើសពី ៥ពាន់លានដុល្លារ ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
លោក Do Ha Nam អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) និងជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Intimex Group បានចាត់ទុកឆ្នាំ២០២៤ នេះ ជាឆ្នាំដ៏ពិសេសបំផុតសម្រាប់ឧស្សាហកម្មកាហ្វេ ខណៈពេលដែលតម្លៃកាហ្វេវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅលើពិភពលោកជាលើកដំបូង។
គួរឲ្យដឹងថា ក្នុងខែមករា កាហ្វេមានតម្លៃត្រឹមតែជាង ៣ពាន់ដុល្លារក្នុងមួយតោន ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានហក់ឡើងដល់តម្លៃជិត ៦ពាន់ដុល្លារក្នុងមួយតោន នៅក្នុងខែតុលា ពោលតម្លៃនេះ គឺបានកើនឡើងដល់ទៅ ៩០% ក្នុងរយៈពេលត្រឹមតែ ១០ខែប៉ុណ្ណោះ។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា តម្លៃនាំចេញកាហ្វេក្នុងអំឡុងពេល ១១ខែដំបូងនៃឆ្នាំ២០២៤ ជាមធ្យមទទួលបានតម្លៃជាង ៤ពាន់ដុល្លារក្នុងមួយតោន ពោលគឺបានកើនឡើង ៥៦,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
នៅចន្លោះខែមករាដល់ខែវិច្ឆិកា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញកាហ្វេសរុបជិត ១,២ លានតោនទៅក្រៅប្រទេស ជាមួយនឹងប្រាក់ចំណូលសរុប ៤,៨៤ពាន់លានដុល្លារ ខណ:អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាទីផ្សារនាំចូលធំជាងគេបំផុតទាំងបី សម្រាប់កាហ្វេវៀតណាម៕