ក្រុមហ៊ុនមេ Facebook បរិច្ចាគលុយ ១លានដុល្លារ ទៅកាន់មូលនិធិរបស់លោក ត្រាំ ជាលើកដំបូង

អន្តរជាតិ

Meta Platforms ដែលជាក្រុមហ៊ុនរបស់បណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ទៅកាន់មូលនិធិរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារកាសែត Wall Street Jouurnal បានបង្ហាញឲ្យដឹងទៀតថា ការបរិច្ចាគរបស់ក្រុមហ៊ុន Meta នេះ គឺត្រូវបានធ្វើឡើងជាលើកដំបូង ខណ:ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ចង់​ផ្សះផ្សា​ទំនាក់ទំនងជាមួយលោក ត្រាំ ឡើងវិញ។

គួរឲ្យដឹងផងដែរថា មុនពេលមានការបរិច្ចាគនេះ នាយកប្រតិបត្តិរបស់ Meta លោក Mark Zuckerberg បានជួបជាមួយលោក ត្រាំ ក្នុងការទទួលទានអាហារពេលល្ងាចជាលក្ខណ:ឯកជាមួយ នៅ Mar-a-Lago កាលពីចុងខែវិច្ឆិកា ហើយត្រូវបានគេដឹងថានេះជាសកម្មភាពចុងក្រោយបំផុតមួយ ដែល Meta ចង់ង្កើតទំនាក់ទំនងវិជ្ជមានជាមួយប្រធានាធិបតីរូបនេះ ឡើងវិញ។

រំលឹកផងដែរថា លោក Mark បានបដិសេធមិនគាំទ្រទាំងលោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ នៅអំឡុងបទសម្ភាសមួយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានកើតឡើងមុនពេលលោក បៃដិន លាលែងចេញពីតំណែងជាបេក្ខជនបក្សប្រជាធិបតេយ្យ ហើយត្រូវបានជំនួសវិញដោយលោកស្រី Kamala Harris ។

ជម្រាបជូនថា ទំនាក់ទំនងរវាងក្រុមហ៊ុន Meta និងលោក ត្រាំ បានធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែតានតឹងឡើង ពោលគឺចាប់ពីមានការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ មក អំឡុងពេលដែលក្រុមហ៊ុន Meta បានផ្អាកគណនី Facebook និង Instagram របស់ ត្រាំ ក្នុងរយ:ពេលប្រហែល ២ឆ្នាំពីវេទិការបស់ខ្លួន បន្ទាប់ពីមានការតវ៉ានៅក្នុងខែមករា ឆ្នាំ២០២១៕