យោងតាមរដ្ឋមន្រ្តីក្រសួងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ (SOE) លោក Erick Thohir បាននិយាយថា ឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីបង្កើតធនាគារមាសដំបូងបំផុត បន្ទាប់ពីមានសមត្ថភាពក្នុងការផលិតមាសដុំនៅក្នុងស្រុកបានដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antara។
លោក Erick Thohir បានបន្តទៀតថា ផែនការបង្កើតធនាគារមាសនេះ នឹងត្រូវបានគាំទ្រដោយក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋ PT Aneka Tambang (Antam) និងក្រុមហ៊ុនរុករករ៉ែមាស PT Freeport Indonesia ដោយសហគ្រាសទាំងពីរនេះ នឹងចាប់ដៃសហការគ្នាក្នុងការកែច្នៃមាសដុំនៅក្នុងប្រទេស។
លោក Erick បានកត់សម្គាល់ទៀតថា ៖”ចាប់តាំងពីដើមមក វត្ថុធាតុដើមភាគច្រើនរបស់យើងត្រូវបាននាំចេញទៅក្រៅប្រទេស ប៉ុន្តែឥឡូវនេះ ពួកគេអាចកែច្នៃក្នុងស្រុកបាន”។
គួរឲ្យដឹងផងដែរថា ប្រព័ន្ធស្តុកទុកមាសដែលបង្កើតឡើងដោយក្រុមហ៊ុន Antam និង Freeport នេះ អាចនឹងបង្កើតទុនបម្រុងមាសគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ជាការសន្សំសាធារណៈ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានអះអាងទៀតថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Antam និង Freeport នឹងអាចជួយសន្សំប្រាក់បានរហូតដល់ ២០០ទ្រីលានរូពៀ (១២,៥ពាន់លានដុល្លារ) សម្រាប់ការចំណាយលើការនាំចូលមាសដុំ៕