ក្រៅពី Meta ក្រុមហ៊ុន Amazon គ្រោងបរិច្ចាគថវិកា ១លានដុល្លារ ដល់មូលនិធិរបស់លោក ត្រាំ ដែរ

អន្តរជាតិ

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលំដាប់កំពូល Jeff Bezos គ្រោងនឹងបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាណត្តិថ្មី លោក ដូណាល់ ត្រាំ​ បន្ទាប់ពីក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ក៏បានធ្វើដូចគ្នានេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃទី១២ ខែធ្នូថា ក្រុមហ៊ុនរបស់ខ្លួននឹងបរិច្ចាគជាថវិកា ១លានដុល្លារ ដល់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ ហើយកម្មវិធីដែលនឹងត្រូវរៀបចំធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ ក៏នឹងត្រូវចាក់ផ្សាយតាមរយ:សេវាកម្ម Prime Video របស់ខ្លួន ដែលនឹងត្រូវចំណាយអស់ទឹកប្រាក់ប្រហែល ១លានដុល្លារផ្សេងទៀត ផងដែរ។

គួរឲ្យដឹងផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Meta របស់មហាសេដ្ឋី Mark Zuckerberg ក៏បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារដល់មូលនិធិចូលកាន់តំណែងរបស់លោក ត្រាំ ផងដែរ។

ជាម្រាបជូនថា មូលនិធិនេះ នឹងត្រូវប្រើប្រាស់លើការចំណាយរៀបចំកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីតអាណត្តិថ្មី ក៏ដូចជា​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ទៀត ខណ:ម្ចាស់ជំនួយសំខាន់ៗនឹងទទួលបានការអញ្ជើញជាពិសេស ដើម្បីចូលរួមក្នុងពិធីដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកមួយនេះ៕