មហាសេដ្ឋី Elon Musk ប្រកាសផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ SpaceX ទៅកាន់រដ្ឋតិចសាស់ជាផ្លូវការ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk បាននិយាយនៅលើបណ្តាញសង្គម X របស់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ឥឡូវនេះ នឹងមានវត្តមានជាផ្លូវការនៅក្នុងទីក្រុង Starbase រដ្ឋតិចសាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា កាលពីខែកក្កដាកន្លងទៅ លោក Musk ធ្លាប់បាននិយាយថា លោកកំពុងមានគម្រោងផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនធំៗពីររបស់ខ្លួន គឺវេទិការប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនអវកាស SpacceX ទៅកាន់រដ្ឋតិចសាស់ ដោយសារតែលើកឡើងពីច្បាប់ដ៏តឹងរ៉ឹងមិនអាចទទួលយកបាន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីរូបនេះបាននិយាយទៀតថា ការិយាល័យធំបំផុតរបស់ SpaceX នឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងដែលមានស្រាប់នៅតំបន់ Boca Chica រដ្ឋតិចសាស់ ខណៈការិយាល័យរបស់ក្រុមហ៊ុន X នឹងផ្លាស់ទៅកាន់ទីក្រុង Austin រដ្ឋតិចសាស់ដូចគ្នា។

ជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក Musk សម្រេចចិត្តផ្លាស់ទីស្នាក់ការកណ្តាលក្រុមហ៊ុនរបស់ខ្លួន ដោយកាលពីឆ្នាំ២០២១ មហាសេដ្ឋីរូបនេះ ក៏បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tesla ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ផងដែរ ប៉ុន្តែលោកបញ្ជាក់ថារដ្ឋកាលីហ្វ័រញ៉ា នឹងនៅតែជាមជ្ឈមណ្ឌលវិស្វកម្មធំបំផុតរបស់ខ្លួន​ដដែល​៕