តិចអត់ដឹង! នេះជាស្ពានមានប្រវែងវែងជាងគេបំផុតនៅលើពិភពលោក ឆ្លងពីទ្វីបអ៊ឺរ៉ុប មកទ្វីបអាស៊ី

អន្តរជាតិ

ភាពឆ្លាតវៃរបស់មនុស្សបានបង្កើតនូវវិស្វកម្មទំនើបៗ និងភាពអស្ចារ្យជាច្រើន តួយ៉ាងដូចជាស្ពាន កាណាក់កាឡេ ឆ្នាំ១៩១៥ (The 1915 Çanakkale) ត្រូវបានគេដឹងថា ជាស្ពានយោលដែលមានប្រវែង ២ ០២៣ម៉ែត្រ ជាប្រវែងវែងជាងគេបំផុតនៅលើពិភពលោក ហើយតភ្ជាប់ការធ្វើដំណើរយ៉ាងសំខាន់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ ទន្ទឹមនឹងប្រវែងដ៏វែង ស្ពានខ្សែកាបមួយនេះ ក៏មានប៉មពណ៌ក្រហមទ្រទាញស្ពានកំពស់ ៣១៨ម៉ែត្រផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រវែងដ៏វែងរបស់ កាណាក់កាឡេ ឆ្នាំ១៩១៥ ក្នុងប្រទេសតួកគី បានធ្វើឲ្យវាស្ថិតនៅចំណោមវិស្វកម្មដ៏អស្ចារ្យបំផុតរបស់ពិភពលោក វ៉ាដាច់កំណត់ត្រារបស់ស្ពាន Akashi Kaikyo ប្រវែង ១ ៩៩២ម៉ែត្រនៅក្នុងប្រទេសជប៉ុន។ លើសពីនោះ ស្ពាននេះលាតសន្ធឹងតាមច្រកសមុទ្រ Dardanelles ដោយបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងបន្ថែមទៀតរវាងទ្វីបទាំងពីរ។

ស្ពាន កាណាក់កាឡេ ឆ្នាំ១៩១៥ ត្រូវបានដាក់ឈ្មោះតាមទីក្រុង កាណាក់កាឡេ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសតួកគី ខណៈឯឆ្នាំ១៩១៥ គឺសំដៅរំលឹកទៅឆ្នាំនៃជ័យជំនះរបស់កងទ័ពជើងទឹកអូតូម៉ង់ ប្រឆាំងបារាំង និងអង់គ្លេស កាលពីអំឡុងសង្គ្រាមលោកលើកទី១ ។ ចំពោះការសាងសង់វិញ គម្រោងដ៏ធំនេះ ត្រូវបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនមកពីតួកគី និងកូរ៉េខាងត្បូង។

គួរឲ្យដឹងផងដែរថា ក្រោយការដាក់ឲ្យប្រើប្រាស់ជាផ្លូវការមក ស្ពានយោលមួយខ្សែនេះ បានកាត់បន្ថយលើការប្រើប្រាស់សាឡាង ឬកប៉ាល់ឆ្លងពីម្ខាងទៅម្ខាងបានដល់ទៅ៩៣% ខណៈពីមុនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Dardanelles តាមរយៈកប៉ាល់ត្រូវចំណាយពេលប្រហែល ៩០នាទីឯណោះ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏បានជំរុញឱកាសនៃការវិនិយោគ និងចំណេញដល់សេដ្ឋកិច្ច តាមរយៈទេសចរណ៍ និងការដឹកជញ្ជូនដូចគ្នា។

សូមជម្រាបបន្ថែមថា ចំពោះការសាងសង់ស្ពានយោល កាណាក់កាឡេ ឆ្នាំ១៩១៥ ត្រូវបានចំណាយទឹកប្រាក់អស់ប្រហែល ២,៥លានអឺរ៉ូ ហើយបើយោងតាមប្រធានាធិបតីតួកគីលោក Erdogan ធ្លាប់បានលើកឡើងថា ប្រទេសរបស់ខ្លួនសន្សំសំចៃប្រាក់ពីការធ្វើដំណើរលើស្ពាននេះចំនួន ៤១៥លានអឺរ៉ូក្នុងមួយឆ្នាំ ពោលបានកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយបញ្ចេញកាបូនទាប ជួយការពារបរិស្ថានមួយចំណែកផងដែរ៕