សភារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានសម្រេចបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ជាផ្លូវការហើយ បន្ទាប់ពីរងការចោទប្រកាន់ពីបទបះបោរជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូដែលបង្កឲ្យមានភាពចលាចលនយោបាយដ៏ធំ នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងការបោះឆ្នោតលើសំណើដកតំណែងរបស់លោក Yoon នេះ ហាក់ទទួលបានសម្លេងគាំទ្រច្រើនលើសលប់រហូតដល់ទៅ ២០៤សម្លេង ខណ:មានត្រឹមតែ ៨៥សម្លេងប៉ុណ្ណោះ ដែលប្រឆាំង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Yoon បានចេញមុខនិយាយថា ៖”ទោះបីជាខ្ញុំកំពុងឈប់ពីតំណែងនៅពេលនេះក៏ដោយ ប៉ុន្តែដំណើរដែលខ្ញុំបានដើរជាមួយប្រជាជនក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ នឹងមិនត្រូវបានបញ្ឈប់ឡើយ ហើយយើងនឹងឆ្ពោះទៅអនាគតជាមួយគ្នា។ ខ្ញុំនឹងមិនបោះបង់ចោលឡើយ “។
គួរឲ្យផងដែរថា បច្ចុប្បន្នតំណែងរបស់លោក Yoon នឹងត្រូវព្យួរទុកសិន រហូតដល់តុលាការធម្មនុញ្ញនឹងសម្រេចជាថ្មីថាតើត្រូវដកតំណែងនៅពេលណាមួយ ក្នុងរយៈពេលប្រាំមួយខែខាងមុខ។ ប្រសិនបើតុលាការធម្មនុញ្ញ សម្រេចលើការដកតំណែងនេះ លោក Yoon នឹងត្រូវបាត់បង់តួនាទីជាប្រធានាធិបតីភ្លាម ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងនៅរយ:ពេល ៦០ថ្ងៃបន្ទាប់។
ជម្រាបជូនផងដែរថា នាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលត្រូវបានតែងតាំងដោយ លោក Yoon ផ្ទាល់ នឹងក្លាយជាប្រធានាធិបតីស្តីទី ខណៈពេលដែលលោក Yoon នៅតែអាចបន្តអង្គុយនៅក្នុងការិយាល័យប្រធានាធិបតីបានដដែល ប៉ុន្តែនឹងគ្មានសិទ្ធិអំណាចអ្វីនោះឡើយ៕