លោក Li Ka Shing ដែលត្រូវបានគេចាត់ទុកជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ហុងកុង ជាមួយនឹងទ្រព្យសម្បត្តិសរុបមានចំនួនរហូតដល់ទៅ ៣៦ពាន់លានដុល្លារ ថ្មីៗនេះត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
រូបភាពមួយសន្លឹងដែលត្រូវបានចែកចាយដោយលោកស្រី Zhen Xu សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan កាលពីដើមខែនេះ បានបង្ហាញថា លោក Li បានផ្លាស់ប្តូរមកពាក់នាឡិកាដៃ Apple Watch ជំនួសវិញ បន្ទាប់ពីមហាសេដ្ឋីរូបនេះ ត្រូវបានគេស្គាល់ថាជាមនុស្សមិនងាយនឹងប្តូរនាឡិកាដៃដែលខ្លួនពាក់នោះឡើយ ជាពិសេសម៉ាក Citizen ដែលលោកប្រើប្រាស់វាអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។
មិនតែប៉ុណ្ណោះ លោក Louis Kraar អ្នកសារព័ត៌មានអាស៊ីរបស់ទស្សនាវដ្ដី Fortune and Time បានបង្ហើបប្រាប់ឲ្យដឹងថា នៅដែលលោកបានជួបជាមួយ លោក Li ដំបូង គាត់ពាក់តែនាឡិកាដៃធម្មតាមួយប៉ុណ្ណោះ ដែលមានតម្លៃត្រឹមតែ ៥០ដុល្លារ។
គួរឲ្យដឹងថា មហាសេដ្ឋីរូបនេះ ត្រូវបានគេថតរូបជាប់ជាញឹកញាប់ ជាមួយនឹងនាឡិកាដៃសាមញ្ញមួយម៉ាក Citizen នៅលើដៃរបស់គាត់ជាប់ជានិច្ច ខណ:ក្នុងបទសម្ភាសមួយ លោកបាននិយាយថាមិនចាំបាច់ត្រូវប្រុងប្រយ័ត្នអ្វីច្រើននោះឡើយ ដែលនេះហើយគឺជាមូលហេតុដែលលោកមិនសូវពាក់នាឡិកាដៃមានតម្លៃថ្លៃៗ។
ជម្រាបជូនផងដែរថា លោក Li Ka Shing ក្តោបក្តាប់ទៅលើមុខជំនួញជាច្រើននៅក្នុងវិស័យឧស្សាហកម្ម រួមទាំងការដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ការលក់រាយ និងថាមពល និងឧបករណ៍ប្រើប្រាស់ជាច្រើន។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៥,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Li ក្លាយជាអ្នកមានបំផុតនៅហុងកុង និងជាអ្នកមានបំផុតទី៤៩ នៅលើពិភពលោក៕