យោងតាមមន្រ្តីកំពូលរបស់កាណាដា កាលពីពេលថ្មីៗនេះ បានព្រមានថា ប្រទេសរបស់ខ្លួនអាចនឹងធ្វើការសងសឹកវិញ ជាមួយនឹងការបិទការនាំចេញថាមពលអគ្គិសនីទៅកាន់សហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងវិធានការពន្ធថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
លោក Doug Ford អភិបាលខេត្ត Ontario ដែលជាខេត្តធំបំផុតរបស់ប្រទេសកាណាដា បានចេញសារគំរាមថា ៖”យើងនឹងធ្វើការកាត់ផ្តាច់ថាមពលទាំងអស់ ដែលផ្គត់ផ្គង់ទៅកាន់រដ្ឋ Michigan , New York និង Wisconsin របស់សហរដ្ឋអាមេរិក” ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកាណាដា នឹងប្រើប្រាស់គ្រប់វិធីសាស្រ្តទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីជាការឆ្លើយតប ប្រសិនបើលោក ត្រាំ នៅតែបន្តគំរាមកំហែង ក្នុងការដាក់ពន្ធ ២៥% លើការនាំចូលទំនិញរបស់កាណាដា នៅថ្ងៃដំបូងដែលគាត់ចូលកាន់តំណែងជាប្រធានាធិបតីនោះ។
គួរឲ្យដឹងថា រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ទទួលបានការផ្គត់ផ្គង់តាមរយ:ការនាំចូលថាមពលវារីអគ្គីសនីភាគច្រើន ពីខេត្ត Ontario, Quebec និង British Columbia ជាដើម។ ប្រទេសកាណាដាគឺជាប្រភពអគ្គិសនីឈានមុខគេដែលនាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក បើទោះបីជាវាតំណាងឲ្យផ្នែកតូចមួយនៃការប្រើប្រាស់ថាមអគ្គិសនីសរុបរបស់អាមេរិកក៏ដោយ។
ជម្រាបជូនថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចូលថាមពលអគ្គិសនីចំនួន ៣៨,៩ លានមេហ្គាវ៉ាត់ម៉ោង ហើយក្នុងចំណោមថាមពលសរុបនោះ មាន ៣៣,២ លានមេហ្គាវ៉ាត់ម៉ោង គឺត្រូវបាននាំចូលពីប្រទេសកាណាដា។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក៕