នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាក្រៅផ្លូវការ ដើម្បីជួយដល់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
នៅក្នុងសេចក្តីថ្លែងការរួមមួយកាលពីថ្ងៃទី១៦ ខែធ្នូ អំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra មកកាន់ទីក្រុងកូឡាឡាំពួរ លោក Anwar បាននិយាយថា ការតែងតាំងនេះត្រូវបានស្នើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់ និងទទួលបានការយល់ព្រមដោយភាគីប្រទេសថៃ។
ទន្ទឹមនឹងនេះ លោក Anwar បានថ្លែងអំណរគុណចំពោះលោកថាក់ស៊ីន ដែលបានទទួលយកការអញ្ជើញនេះ ខណ:លោកបានបង្ហាញការជឿជាក់ថាបទពិសោធជាអ្នកនយោបាយជើងចាស់របស់លោកថាក់ស៊ីន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានបន្ថែមថា លោកនឹងបង្កើតក្រុមប្រឹក្សាក្រៅផ្លូវការមួយ ដែលមានការចូលរួមពីអ្នកតំណាងមកពីប្រទេសក្នុងអាស៊ានមួយចំនួនទៀត ផងដែរ។
ជម្រាបជូនផងដែរថា ការធ្វើជាប្រធានរបស់ប្រទេសម៉ាឡេស៊ីដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ ក្រោមប្រធានបទ “ការរួមបញ្ចូល និងនិរន្តរភាព” ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រទេសជាតិក្នុងតំបន់ឲ្យមានការរួបរួម និងប្រកបដោយវិបុលភាព។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ លោកថាក់ស៊ីន កន្លងមកបានដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងជម្លោះមីយ៉ាន់ម៉ា ដែលចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ប្រទេសដែលទទួលបានតំណែងជាប្រធានអាស៊ាន។ មន្ត្រីថៃបានបញ្ជាក់កាលពីខែឧសភាថា លោកថាក់ស៊ីន បានទាក់ទងដោយផ្ទាល់ជាមួយកងកម្លាំងប្រឆាំងមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្តល់តួនាទីជាអ្នកសម្របសម្រួលជាមួយភាគីនានា៕