ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថា ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការបង្កើនពន្ធនាំចូលរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក គឺជាទង្វើខុសច្រើនជាងត្រូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅថា ៖”វិធានការពន្ធរបស់សហរដ្ឋអាមេរិកមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយឱនភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៃឧស្សាហកម្មអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញឲ្យអតិផរណារបស់ប្រទេសនេះ កើនឡើងខ្ពស់ផងដែរ”។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ទៀតថា ផែនការរបស់អាមេរិកក្នុងការបង្កើនពន្ធលើទំនិញនាំចូលពីប្រទេសចិន នឹងជាការបង្កើតកំហុសជាន់លើកំហុស ហើយនិងប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់របស់ខ្លួនថែមទៀតផង។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួង បានបន្ថែមថា “ទង្វើបែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល”។
កន្លងមក ចិនបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រញាប់កែតម្រូវកំហុសរបស់ខ្លួនភ្លាមៗ និងលុបចោលពន្ធបន្ថែមដែលខ្លួនគ្រោងនឹងដាក់ ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។
ជម្រាបជូនផងដែរថា ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធបន្ថែម ១០% លើទំនិញនាំចូលពីប្រទេសចិន។ រំលឹកផងដែរថា ចាប់តាំងពីយុទ្ធនាការបោះឆ្នោតត្រូវបានបញ្ចប់មក លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធនាំចូលពីចន្លោះពី ១០-២០% លើទំនិញបរទេសទាំងអស់ រួមទាំងពន្ធដែលអាចកើនឡើងដល់ ៦០% លើទំនិញមួយចំនួនរបស់ប្រទេសចិន ផងដែរ៕