បុគ្គលមានដាច់គេបំផុតទាំងពីររូបរបស់ប្រទេសឥណ្ឌា គឺមហាសេដ្ឋីប្រេង លោក Mukesh Ambani និងមហាសេដ្ឋីហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម លោក Gautam Adani បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះក្រោម ១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ នេះ ចំពេលកំពុងមានបញ្ហាប្រឈមលើមុខជំនួញរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
លោក Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលផ្តោតសំខាន់លើវិស័យថាមពល ការលក់រាយ និងការកម្សាន្ត បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ២០% ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ មកនៅត្រឹមចំនួន ៩៦,៧ពាន់លានដុល្លារ ប៉ុណ្ណោះ។
បន្ទាប់ពីឈានដល់កម្រិតកំពូលជាមួយចំនួនទ្រព្យសរុប ១២១ពាន់លានដុល្លារ ក្នុងខែកក្កដា លោក Mukesh Ambani ដែលត្រូវបានចាត់ទុកថាជាអ្នកមានបំផុតនៅអាស៊ី បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនស្រកចុះវិញជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនរបស់ខ្លួន បានជួបប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលយ៉ាងច្រើន។ កំណើននៃការលក់ និងប្រាក់ចំណេញនៃអាជីវកម្មលក់រាយរបស់លោក Ambani ហាក់មានកំណើនយឺតយ៉ាវ ដោយសារដៃគូប្រកួតប្រជែងបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងកំពូលៗរបស់ប្រទេសឥណ្ឌា ក្នុងរយ:ពេលចុងក្រោយនេះ។
ទន្ទឹមនឹងនេះ លោក Adani ដែលជាស្ថាបនិកក្រុមហ៊ុន Adani Group បាននិងកំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់រើខ្លួនមិនរួច បន្ទាប់ពីត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទសូកប៉ាន់ កាលពីខែវិច្ឆិកា។
ជុំវិញការចោទប្រកាន់នេះ បានធ្វើទ្រព្យសម្បត្តិសរុបរបស់លោក Adani ធ្លាក់ចុះដល់ ៣៣% មកនៅត្រឹមចំនួន ៨២,១ពាន់លានដុល្លារ ពីចំនួនខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកកាលពីខែមិថុនា ក្នុងឆ្នាំនេះ។
ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Energy Solutions បានធ្លាក់ចុះ ២៣% ធៀបទៅនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុន Adani Power បានធ្លាក់ចុះ ៣៩% ពីកម្រិតកំពូលរបស់ខ្លួននៅឆ្នាំនេះ ដែលត្រូវបានកត់ត្រាទុកកាលពីក្នុងខែមិថុនាកន្លងទៅ៕