ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចូលរួមជាមួយនាយកប្រតិបត្តិធនាគារលំដាប់កំពូលរបស់ប្រទេសជប៉ុន SoftBank Group លោក Masayoshi Son ដើម្បីប្រកាសពីផែនការរបស់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគទឹកប្រាក់រហូតដល់ទៅ ១០០ពាន់លានដុល្លារ នៅក្នុងគម្រោងជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
ក្នុងអំឡុងពេលជួបជាមួយលោក Son នៅឯលំនៅដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីអាមេរិក ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ លោក ត្រាំ បានបង្ហាញឲ្យដឹងថា ការវិនិយោគដ៏ធំនេះនឹងអាចបង្កើតឱកាសការងារដល់ទៅ ១០ម៉ឺនកន្លែង នៅសហរដ្ឋអាមេរិក ដោយផ្តោតសំខាន់ទៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនផ្សេងទៀត។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ចំពោះផែនការវិនិយោគចុងក្រោយរបស់ SoftBank នេះ គឺជាភស្តុតាងមួយដែលបង្ហាញពីទំនុកចិត្តដ៏ធំធេងចំពោះអនាគតរបស់អាមេរិក។ ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានលើកទឹកចិត្តឲ្យនាយកប្រតិបត្តិរបស់ធនាគារជប៉ុនរូបនេះ ចូលរួមបណ្តាក់ទុនបន្ថែមទៀត នៅក្នុងពេលខាងមុខផងដែរ។
ជម្រាបជូនផងដែរថា ការវិនិយោគនេះហាក់ជាភាពជោគជ័យដ៏ធំមួយ សម្រាប់រដ្ឋបាលរបស់លោក ត្រាំ ដើម្បីទាក់ទាញការវិនិយោគពីបរទេស ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងកាត់បន្ថយឥទ្ធិពលនៃអតិផរណាលើជនជាតិអាមេរិក ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោកដែលនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខ៕