រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលមហាសេដ្ឋី Elon Musk ឲ្យមកបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យសម្រាប់ក្រុមហ៊ុនបង្កើតថ្មីឈ្មោះថា xAI នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DCD។
លោក Luhut Binsar Pandjaitan ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា លោកគ្រោងនឹងជួបជាមួយមហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla នៅឆ្នាំក្រោយ ពោលគឺនៅក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។
នៅក្នុងបទសម្ភាសជាមួយកាសែត Wall Street Journal លោក Luhut បាននិយាយថា លោកបានលើកឡើងនូវគំនិតនៃការបើកមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន xAI នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅពេលដែលលោក Musk បានមកទស្សនកិច្ចនៅលើកោះបាលី ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX កាលពីក្នុងខែឧសភា។
គួរឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកជាទីផ្សារមជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ហើយកាលពីដើមឆ្នាំនេះក្រុមហ៊ុន Microsoft បានប្រកាសការវិនិយោគទឹកប្រាក់ចំនួន ១,៧ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសខ្លួនផងដែរ។
ក្រៅពីនោះក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការ ឬគ្រោងចូលមកវិនិយោគបន្ថែមក្នុងប្រទេសឥណ្ឌូណេស៊ី រួមមាន Huawei, Google, Alibaba, Tencent និង AWS ជាដើម។
ជម្រាបជូនផងដែរថា នៅក្នុងខែមេសា ក្រុមហ៊ុនក្នុងស្រុក Indosat បានបង្ហាញថាខ្លួនបានចាប់ដៃគូជាមួយបន្ទះឈីបខ្នាតយក្ស Nvidia សម្រាប់ការសាងសង់មជ្ឈមណ្ឌល AI ជាមួយទុនវិនិយោគសរុបដល់ទៅ ២០០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕