ក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk អាចនឹងមានគូប្រជែងថ្មី បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ជាក់ថាខ្លួននឹងចាប់ផ្តើមចូលរួមប្រឡូកក្នុងវិស័យដែលកំពុងរីកចម្រើនមួយនេះ ដើម្បីផ្តល់សេវាកម្មអ៊ីនធើណិតល្បឿនលឿនតាមរយ:ផ្កាយរណបទៅកាន់ទីតាំងដាច់ស្រយាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។
សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានបញ្ចប់ផែនការសាងសង់បណ្តាញផ្កាយរណបដែលមានតម្លៃរហូតដល់ទៅ ១០,៦ពាន់លានអឺរ៉ូ (១១,១ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ជំនួសប្រព័ន្ធ Starlink របស់ក្រុមហ៊ុន SpaceX ។ ប្លុកនេះ បាននិយាយទៀតថាក្រុមហ៊ុនបង្កើតថ្មីឈ្មោះថា Iris² នឹងដាក់ពង្រាយផ្កាយរណបចំនួន ២៩០ ទៅក្នុងគន្លងផែនដីកម្រិតទាប និងមធ្យម ខណ:សេវាកម្មផ្តល់អ៊ីនធើណិតតាមរយ:ផ្កាយរណបនេះ រំពឹងថានឹងដំណើរការនៅឆ្នាំ២០៣០ ។
ជុំវិញផែនការដ៏ធំនេះ អ្នកនយោបាយរបស់សហភាពអ៊ឺរ៉ុប កន្លងមកធ្លាប់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់នៃការពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធ Starlink របស់មហាសេដ្ឋី Elon Musk ដែលអាចផ្តល់ផលប៉ះពាល់ចំពោះសន្តិសុខជាតិ។
គួរឲ្យដឹងផងដែរថា បើយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន សេវាអ៊ីនធើណិតតាមផ្កាយរណបរបស់ SpaceX មានផ្កាយរណបសរុបប្រហែល ៧ ០០០ នៅក្នុងគន្លង ហើយកំពុងមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីបានពង្រីកសេវាកម្មប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជាង ១០០ នៅទូទាំងពិភពលោក។
ជម្រាបជូនផងដែរថា អឺរ៉ុបក៏បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ផងដែរ ជាមួយនឹងការបង្កើតរ៉ុក្កែតផ្ទាល់ខ្លួន ឈ្មោះថា Ariane 6 ហើយវាត្រូវបានគេរំពឹងទុកថានឹងក្លាយជាដៃគូប្រជែងថ្មី ទៅនឹងរ៉ុក្កែត Falcon 9 របស់ SpaceX បន្ទាប់ពីការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ ក្នុងខែកក្កដា។
យ៉ាងណាមិញ សហភាពអឺរ៉ុបមិនមែនជាដៃគូប្រកួតប្រជែងតែមួយរបស់ Starlink នោះឡើយ ដោយក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ ក៏កំពុងធ្វើការលើបណ្តាញផ្កាយរណបផ្តល់សេវាកម្មអ៊ីនធើណេតរបស់ខ្លួនដែលមានឈ្មោះថា Project Kuiper ដែលរំពឹងថានឹងដាក់ពង្រាយនៅឆ្នាំនេះក្រោយ ផងដែរ៕