យោងតាមមន្ត្រីរដ្ឋាភិបាល បាននិយាយថាការនាំចូលមាសរបស់ប្រទេសឥណ្ឌា ទំនងជាមានការធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូនេះ ដោយសារតែការអវត្តមាននៃពិធីបុណ្យសំខាន់ៗនៅក្នុងប្រទេស ចំពេលពេលតម្លៃមាសសកលកំពុងស្ទុះងើបឡើងមកវិញដែលនាំឲ្យអ្នកប្រើប្រាស់ពន្យារពេលនៃការទិញចូលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Prithviraj Kothari ប្រធានសមាគមមាស និងគ្រឿងអលង្ការឥណ្ឌា (IBJA) បាននិយាយថា ៖”កាលពីខែមុន ការនាំចូលមាសបានកើនឡើងដោយសារតម្រូវការដ៏រឹងមាំសម្រាប់ការវិនិយោគ និងការធ្វើគ្រឿងអលង្ការ។ ប៉ុន្តែឥឡូវនេះ អ្វីៗកំពុងមានភាពស្ងប់ស្ងាត់វិញ ហើយការនាំចូលកំពុងធ្លាក់ចុះ។ យើងប្រហែលជាឃើញការនាំចូលមាសរបស់ឥណ្ឌា ធ្លាក់ចុះជាង ៥០% នៅក្នុងខែធ្នូនេះ”។
គួរឲ្យដឹងផងដែរថា មុនពេលមានការធ្លាក់ចុះនេះ ការនាំចូលមាសរបស់ឥណ្ឌា បានកើនឡើងជាងពីរដងក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលាដែលបានកើនឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត ចំនួន ១៤,៨ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណា ក្រុមឈ្មួញរបស់ប្រទេសឥណ្ឌាបាននិយាយថា តម្លៃមាសសកលបានស្ទុះងើបឡើងមកវិញ ក្នុងខែធ្នូ ដែលជាហេតុធ្វើឲ្យតម្រូវការរបស់អ្នកទិញ ត្រូវបានកាត់បន្ថយ ហើយវាទំនងជានឹងធ្វើឲ្យការនាំចូលធ្លាក់ចុះខ្លាំង មកនៅត្រឹមចំនួន ៥ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងខែនេះ។
ជម្រាបជូនថា តម្រូវការចុះខ្សោយនេះ បានជំរុញឲ្យឈ្មួញឥណ្ឌានៅសប្តាហ៍នេះ ផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៨ដុល្លារក្នុងមួយអោនលើតម្លៃមាសក្នុងស្រុកជាផ្លូវការ ខណ:កាលពីខែមុនពួកគេបានគិតថ្លៃបន្ថែមដល់ទៅ ១៦ដុល្លារ ដោយរួមបញ្ចូលទាំងពន្ធនាំចូល ៦% និងពន្ធលើការលក់ ៣%៕