ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបំផុតរបស់ខ្លួន នៅលើកោះ Kelasa ស្ថិតនៅក្នុងខេត្ត Bangka Belitung ដើម្បីបំពេញតម្រូវការថាមពលអគ្គិសនីរបស់ប្រទេសបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Bob S. Effendi ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន PT ThorCon Power Indonesia ដែលជាអ្នកវិនិយោគរបស់គម្រោងនេះ បាននិយាយថា បទប្បញ្ញត្តិក្នុងតំបន់ស្តីពីគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរដំបូងនេះ កំពុងរង់ចាំការអនុម័តនៅឡើយ។
គួរឲ្យដឹងថារ៉េអាក់ទ័រគំរូ នឹងត្រូវបញ្ជូនតាមសមុទ្រពីប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៨ ខាងមុខ។ ហើយការវិនិយោគសរុបសម្រាប់គម្រោងនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រមាណ ១,០៦ពាន់លានដុល្លារ ដោយរួមបញ្ចូលការចំណាយលើការស្ទង់មតិ ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមតម្រូវការផ្សេងៗទៀត។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់អភិបាលក្រុង Bangka Belitung លោក Eko Kurniawan បាននិយាយថា អាជ្ញាធរក្នុងតំបន់កំពុងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលមធ្យមស្របតាមគោលដៅរបស់ប្រទេស។ តាមរយ:ផែនការនេះ រដ្ឋាភិបាលបានកំណត់គោលដៅបន្ថែមការផ្គត់ផ្គង់អគ្គិសនីដល់ ១០០ ជីហ្គាវ៉ាត់ (GW) ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ដែលក្នុងនោះថាមពលកកើតឡើងវិញនឹងចូលរួមចំណែក ៧៥% ស្របពេលថាមពលនុយក្លេអ៊ែរនឹងរួមចំណែក ៥% នៃគោលដៅសរុប។
ជម្រាបជូនផងដែរថា កន្លងមករដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឲ្យបានជាង ២០ នៅត្រឹមឆ្នាំ២០៥០។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ (PLN) កំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេស។
ប្រទេសឥណ្ឌូណេស៊ី មានទីតាំងសក្តានុពលចំនួនពីរ សម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយមួយស្ថិតនៅខេត្ត West Kalimantan និងនិងមួយទៀតនៅ Bangka Belitung ។ ថាមពលកកើតឡើងវិញត្រូវបានគេរំពឹងទុកថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការរបស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ដើម្បីឈានទៅរកការបិទរោងចក្រថាមពលដើរដោយធ្យូងថ្មចោលទាំងអស់៕