Toyota គ្រោងចាក់លុយជាង ១,៥ពាន់លានដុល្លារ បង្កើនការផលិតរថយន្ត Hybrid នៅក្នុងប្រទេសថៃ

អន្តរជាតិ

យោងតាមរដ្ឋាភិបាលបានបង្ហាញឲ្យដឹងថា ប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda បានប្រកាសពីផែនការវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥៥ពាន់លានបាត (ប្រមាណជាង ១,៥ពាន់លានដុល្លារ) ដើម្បីពង្រីកការផលិតរថយន្តប្រភេទកូនកាត់ Hybrid នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Akanat Promphan បាននិយាយថា ការវិនិយោគនេះ​ នឹងរួមបញ្ចូលនូវខ្សែសង្វាក់ផលិតកម្មឡើងវិញ ដើម្បីគាំទ្រដល់ការផលិតទាំងរថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិចដែលប្រើថ្មសម្រាប់រថយន្តប្រភេទកូនកាត់។

ជុំវិញផែនការវិនិយោគដ៏ធំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃពុធ រវាងលោក Toyoda និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅ​ឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក។

អំឡុងកិច្ចប្រជុំនោះ លោកស្រី Paetongtarn បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រលើការវិនិយោគ និងជំរុញទំនុកចិត្តក្នុងវិស័យផលិតកម្មរបស់ជប៉ុន នៅក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងអាជីវកម្មថៃនៅក្នុងឧស្សាហកម្មពាក់ព័ន្ធ និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ក្នុងស្រុក។

ទន្ទឹមនឹងនេះ លោក Toyoda ក៏បានថ្លែងអំណរគុណចំពោះលោកស្រីនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលថៃ សម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់ពួកគេចំពោះឧស្សាហកម្មនេះផងដែរ។

ជម្រាបជូនថាក្រុមហ៊ុន Toyota បាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង ៦០ឆ្នាំ​មក​ហើយ ដោយ​ប្រទេស​នេះ​ បានបម្រើ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់បំផុតរបស់ខ្លួន៕