បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង ៥០នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំនេះ ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលុយពាន់លានដុល្លារព្រមគ្នា ជាលើកដំបូង ជាមួយនឹងទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នាកើនឡើង ៤% ដល់ចំនួន ២៦៣ពាន់លានដុល្លារ។
បញ្ជីដែលចងក្រងដោយ Forbes បានដាក់ឈ្មោះបងប្អូនត្រកូល Hartono គឺលោក R. Budi និង Michael ជាប់នៅក្នុងតំណែងជាអ្នកមានដាច់គេនៅក្នុងប្រទេស ជាមួយទ្រព្យសម្បត្តិសរុប ៥០,៣ពាន់លានដុល្លារ ដែលជាចំនួនកំណត់ត្រាថ្មីមួយសម្រាប់គ្រួសារមហាសេដ្ឋីឥណ្ឌូណេស៊ីនេះ។
ទ្រព្យសម្បត្តិរបស់ត្រកូល Hartono កើនឡើងជិត ៣០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខណ:ប្រភពចម្បងនៃការកើនឡើងប្រាក់ចំណូលនេះ គឺទទួលបានពីភាគហ៊ុនរបស់ពួកគេ នៅក្នុងធនាគារកណ្តាលអាស៊ី រួមជាមួយនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនអេឡិចត្រូនិក Polytron ក៏ដូចជាអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា ផងដែរ។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់ទីពីរ គឺធ្លាក់ទៅលើលោក Prajogo Pangestu ដែលជាស្ថាបនិកក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី Barito Pacific ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣២,៥ពាន់លានដុល្លារ។
លោក Pangestu បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាអ្នកបើកបរ មុនពេលចាប់ផ្តើមអាជីវកម្មលក់បង្គា។ ក្រោយមកលោក បានប្តូរទៅរកស៊ីលើឧស្សាហកម្មឈើ ហើយបានចាប់ផ្តើមបើកក្រុមហ៊ុន Barito Pacific និងបានក្លាយជាអ្នកប្រមូលទិញឈើធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។
ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់ទីបីក្នុងបញ្ជីអ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី គឺបានលើលោក Low Tuck Kwong ដែលត្រូវបានគេស្គាល់ថាជា “ស្តេចធ្យូងថ្ម” និងមានទ្រព្យសម្បត្តិសរុបចំនួន ២៨,៥ពាន់លានដុល្លារ។
លោក Kwong គឺជាស្ថាបនិកក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម Bayan Resources ដែលបានប្រកាសប្រាក់ចំណូលចំនួន ៣,៥ពាន់លានដុល្លារកាលពីឆ្នាំមុន។ ដោយកើតនៅក្នុងប្រទេសសិង្ហបុរី លោក Low Tuck Kwong បានធ្វើការនៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកខ្លួនរហូតដល់ឆ្នាំ១៩៧២ អំឡុងពេលដែលលោកផ្លាស់ទៅរស់នៅប្រទេសឥណ្ឌូណេស៊ី ហើយបានបន្តបង្កើតអាជីវកម្មផ្ទាល់ខ្លួន រហូតដល់ជាប់ងារជាមហាសេដ្ឋីលំដាប់កំពូលប្រចាំប្រទេស៕