ក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះបន្ថែម ពីក្រុមហ៊ុន Boeing និង Airbus នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជិត ១២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន China Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទិញយន្តហោះ Boeing 777-9 ចំនួន ១០ គ្រឿង និងយន្តហោះ Airbus A350-1000 ចំនួន ១០ គ្រឿង ព្រមទាំងយន្តហោះដឹកទំនិញ 777-8 ចំនួន ៤ គ្រឿងក្នុងតម្លៃសរុប ១១,៩ពាន់លានដុល្លារ ជាមួយនឹងការដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់ នឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០២៩ ។
ជុំវិញការបញ្ជាទិញបន្ថែមសម្រាប់យន្តហោះដឹកអ្នកដំណើរទាំងនេះ ត្រូវបានគេរំពឹងទុកថានឹងជំនួសយន្តហោះ Boeing 777-300ER ទាំង ១០ គ្រឿងដែលមានស្រាប់ និងជួយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់កោះតៃវ៉ាន់មួយនេះ សម្រាប់កំណើននាពេលអនាគត ផងដែរ។
ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនអាកាសចរណ៍ China Airlines លោក Hsieh Shih-chien បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ហាក់មិនបានប្រឈមមុខនឹងសម្ពាធនយោបាយណាមួយ ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការចុះកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារនេះនោះឡើយ បើទោះបីជាបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងស្ថានភាពកាន់តែតឹងតែង ជុំវិញការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិនក៏ដោយ៕