លោក បៃដិន ប្រកាសលុបចោលបំណុលនិស្សិតជាង ៤ពាន់លានដុល្លារ បន្ថែមទៀត មុនបញ្ចប់អាណត្តិ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងលុបចោលបំណុលនិស្សិតសម្រាប់ពលរដ្ឋអាមេរិកចំនួន ៥៥ ០០០ នាក់បន្ថែមទៀត ដែលស្មើទៅនឹងការលុបចោលបំណុលក្នុងចំនួនប្រហែល ៤,២៨ពាន់លានដុល្លារ ពោលគឺនៅក្នុងខែចុងក្រោយរបស់លោកមុនពេលត្រូវចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បាននិយាយថា ៖”ការលុបចោលបំណុលដ៏ធំលើកចុងក្រោយនេះ គឺសម្រាប់គ្រូបង្រៀន គិលានុបដ្ឋាយិកា កងទ័ព មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណ:ផ្សេងទៀត ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីផ្តល់ជូនទៅកាន់សហគមន៍របស់ពួកគេវិញ”។

គួរឲ្យដឹងផងដែរថា ជាមួយនឹងផែនការបំណុលចោលនេះ វាត្រូវបានគេរាយការណ៍ថាមនុស្សជិត ៥ លាននាក់ ទទួលបានការលើកលែងបំណុលរបស់ខ្លួន ក្នុងអំឡុងរដ្ឋបាលរបស់លោក បៃដិន ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំសហរដ្ឋអាមេរិក លោក Miguel Cardona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តចំពោះការលើកលែងបំណុលលើកចុងក្រោយនេះ បានធ្វើឲ្យបំណុលនិស្សិតសរុបដែលត្រូវបានលើកលែងនៅក្នុងអាណត្តិរយ:ពេល ៤ឆ្នាំរបស់លោក បៃដិន កើនឡើងដល់ ១៨០ពាន់លានដុល្លាររួមមកហើយ សម្រាប់អ្នកខ្ចីជិត ៥ លាននាក់។

ជម្រាបជូនផងដែរថា លោក បៃដិន បានបង្កើតកម្មវិធីលើកលែងបំណុលនេះចាប់តាំងឆ្នាំ២០២២ មក ដើម្បីលុបចោលបំណុលសិស្សដែលមានចំនួនរាប់រយពាន់លានដុល្លារ ហើយការលុបចោលបំណុលនេះ បានធ្វើឲ្យអ្នកខ្ចីខ្លះទទួលបានការលុបចោលបំណុលចំនួន ២ម៉ឺនដុល្លារ ខណ:អ្នកខ្ចីមួយចំនួនធំផ្សេងទៀតទទួលបានការលុបចោលបំណុលចំនួន ១ម៉ឺនដុល្លារ។

ប្រធានាធិបតី​ដែល​ខិតជិតផុត​អាណត្តិ​រូប​នេះ​ បាន​និយាយ​ទៀតថា​៖”ចាប់​តាំងពី​ថ្ងៃ​ទី​មួយ​នៃ​ការ​កាន់អំណាច​របស់​ខ្ញុំ ខ្ញុំ​បាន​សន្យា​ថា​នឹង​ធ្វើឲ្យប្រាកដ​ថា​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ គឺ​ជា​គន្លឹះដ៏សំខាន់មួយសម្រាប់ការឆ្ពោះទៅក្លាយជាពលរដ្ឋដែលមានជីវភាពសមរម្យ ហើយបំណុលនឹងមិន​មែន​ជា​ឧបសគ្គ​ដែលរារាំងឱកាសនេះនោះទេ”៕