កូន​ប្រសា​ស្រីរបស់លោក ត្រាំ ប្រកាសដកខ្លួនចេញពីតំណែងជាសមាជិកព្រឹទ្ធសភា

អន្តរជាតិ

លោកស្រី Lara Trump កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសថាលោកស្រី បានសម្រេចចិត្តដកខ្លួនចេញពីបញ្ជីបេក្ខជនដើម្បីជំនួសតំណែងសមាជិកព្រឹទ្ធសភា លោក Marco Rubio ដែលនឹងត្រូវផុតអាណត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Lara Trump ដែលត្រូវជាកូន​ប្រសា​របស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដោយនិយាយថាលោកស្រី បានសម្រេចដកខ្លួនចេញពីបញ្ជីឈ្មោះបេក្ខជន ដើម្បីជំនួសសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Marco Rubio បន្ទាប់ពីបានចំណាយពេលគិតជាយូរ ឆ្លុះបញ្ចាំងខ្លួនឯង និងត្រូវបានលើកទឹកចិត្តដោយមនុស្សជាច្រើន ។

មិនតែប៉ុណ្ណោះ ក្រោយការប្រកាសដកខ្លួនចេញនេះ លោកស្រី Lara បាននិយាយថាលោកស្រី នឹងមានអ្វីដែលត្រូវប្រកាសនៅខែក្រោយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតជាងនេះនោះទេ ខណ:លោកស្រី ត្រូវបានគេយល់ឃើញថាអាចនឹងត្រូវចូលកាន់តំណែងធំណាមួយផ្សេងទៀត នៅក្នុងរដ្ឋបាលឪពុកក្មេងរបស់ខ្លួន។

កូនប្រសារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានបញ្ជាក់ថា នៅតែមានឆន្ទៈក្នុងការបម្រើប្រជាជន និងចង់មានឱកាសកាន់តែច្រើនផ្សេងទៀត នាពេលអនាគត។

ជម្រាបជូនថា Lara បានរៀបការជាមួយកូនប្រុសរបស់លោក ត្រាំ គឺលោក Eric Trump នៅចុងឆ្នាំ២០១៤ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៦ឆ្នាំ និងមានកូនពីរនាក់ជាមួយគ្នា។ Lara បានចូលរួមចំណែកយ៉ាងច្រើនក្នុងយុទ្ធនាការបោះឆ្នោតរបស់ឪពុកក្មេកខ្លួន ខណ:អ្នក​សង្កេតការណ៍​ចាត់​ទុកលោកស្រី Lara ជា​ស្ត្រី​ដែល​មាន​មហិច្ឆតាខ្ពស់ក្នុង​ឆាកនយោបាយ៕