ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រាប់អ្នកសារព័ត៌មាន ដោយមានសុទិដ្ឋិនិយមថា លោក ត្រាំ នឹងបើកចំហរក្នុងការស្តាប់ទស្សនៈរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកទាំងអស់ លើសកម្មភាពពន្ធថ្មីទាំងនេះ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន GM ក៏បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ហើយនឹងផ្តល់រថយន្តរបស់ខ្លួនមួយចំនួន ទៅឲ្យរដ្ឋបាលរបស់លោក ត្រាំ នៅក្នុងពិធីស្បថចូលកាន់តំណែងនាខែក្រោយនេះផងដែរ។
ជម្រាបជូនផងដែរថា កន្លងមកក្រុមហ៊ុនធំៗផ្សេងទៀត រួមទាំង Amazon និង Meta Platforms ក៏បានបរិច្ចាគដល់មូលនិធិរបស់លោកត្រាំនេះផងដែរ ស្របពេលថ្នាក់នាំកំពូលៗ និងមហាសេដ្ឋីជាច្រើន បាននាំគ្នាទៅជួបពិភាក្សាផ្ទាល់ជាមួយលោក ត្រាំ នៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕