ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និង Nissan បានឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់បញ្ចូលគ្នា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ចំពេលមានការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញផែនការរួមបញ្ចូលគ្នានេះ អាចនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ពិភពលោក ពោលគឺបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។
មិនតែប៉ុណ្ណោះ ផែនការនេះ ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនទាំងពីរ អាចពង្រីកទំហំ និងឱកាសដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក ចំពេលកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងគូប្រជែងរបស់ចិនដូចជា BYD ជាដើម។
គួរឲ្យដឹងផងដែរថា ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន ជាមួយនឹង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់ជប៉ុនទី៣ នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងឧស្សាហកម្មរថយន្តពិភពលោក ពោលគឺចាប់តាំងពីការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Fiat Chrysler Automobiles និង PSAនៅឆ្នាំ២០២១ ដើម្បីបង្កើតជាក្រុមហ៊ុនថ្មី Stellantis នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ ៥២ពាន់លានដុល្លារ។
ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សទាំងពីរ ក៏បាននិយាយទៀតថាក្រុមហ៊ុន Mitsubishi Motors ដែលមាន Nissan ជាម្ចាស់ភាគហ៊ុនកំពូលនោះ ក៏កំពុងពិចារណាចូលរួមនៅក្នុងការរួមបញ្ចូលគ្នានេះផងដែរ ដោយពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅចុងខែមករាខាងមុខ។
ជម្រាបជូនថា តាមរយៈការរួមបញ្ចូលគ្នាដ៏មានសក្តានុពលនេះ ទាំង Honda និង Nissan មានបំណងលក់រួមគ្នាឲ្យឈានដល់ចំនួន ៣០ទ្រីលានយ៉េន (១៩១ពាន់លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការលើសពី ៣ទ្រីលានយ៉េន៕