បំណុលបរទេសរបស់ប្រទេសហ្វីលីពីន កើនឡើងដល់ជិត ១៤០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមធនាគារកណ្តាល Bangko Sentral ng Pilipinas (BSP) បាននិយាយថា បំណុលខាងក្រៅរបស់ប្រទេសហ្វីលីពីន មានចំនួនសរុបដល់ ១៣៩,៦ពាន់លានដុល្លារ គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង ១៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ភាគហ៊ុនបំណុលរបស់ហ្វីលីពីន ក៏បានកើនឡើង ៧,៣% ពីចំនួន ១៣០,១ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនាកន្លងទៅ ផងដែរ។

យោងតាមធនាគារកណ្តាលហ្វីលីពីន បាននិយាយថា ការកើនឡើងនេះ ត្រូវបានជំរុញជាចម្បងដោយចំណូលសុទ្ធសរុបរបស់អ្នកខ្ចីទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាការទទួលបាននៃមូលបត្របំណុលហ្វីលីពីន ដោយក្រុមហ៊ុនបរទេស។

ទិន្នន័យ BSP បានបង្ហាញថាបំណុលខាងក្រៅរបស់វិស័យឯកជន បានកើនឡើង ៤,៨% ដល់ ៥២,៧ពាន់លានដុល្លារ នៅចុងខែកញ្ញា ពីចំនួន ៥០,៣ពាន់លានដុល្លារ នៅចុងខែមិថុនា។ ទន្ទឹមនឹងនេះ បំណុលវិស័យសាធារណៈបានកើនឡើង ៨,៨% នៅក្នុងរយ:ពេលដូចគ្នា ដល់ ៨៦,៨ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ BSP បាននិយាយថាបំណុលខាងក្រៅគិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅតែស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន បើទោះបីជាមានការកើនឡើងនៃភាគហ៊ុនបំណុលក៏ដោយ៕