លោក ត្រាំ ចេញមុខបដិសេធរឿងមហាសេដ្ឋី Elon Musk អាចក្លាយជាប្រធានាធិបតីអាមេរិក នាពេលអនាគត

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចេញមុខបដិសេធថា មហាសេដ្ឋី Elon Musk នឹងមិនអាចក្លាយជាប្រធានាធិបតីអាមេរិកនាពេលអនាគតបាននោះឡើយ ដោយសារតែបទប្បញ្ញត្តិស្តីពីទីកន្លែងកំណើតរបស់មេដឹកនាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ បានកើតឡើង បន្ទាប់ពីអ្នកនយោបាយដែលជាគូប្រជែងជាច្រើន បានពណ៌នាថាលោក ត្រាំ ទំនងជានឹងអាចបោះបង់តំណែងប្រធានាធិបតីទៅឲ្យស្ថាបនិកក្រុមហ៊ុន Tesla នៅថ្ងៃណាមួយ ដោយសារតែឥទ្ធិពលដ៏លើសលប់របស់លោក Musk នៅក្នុងជួររដ្ឋាភិបាលថ្មី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានចាត់ទុក ការបញ្ចេញទស្សនៈរបស់អ្នកនយោបាយបក្សប្រជាធិបតេយ្យខាងលើនេះ ថាជារឿង គួរឲ្យអស់សំណើចបំផុត។

នៅអំឡុងការថ្លែងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅឯរដ្ឋ Arizona លោកត្រាំ បានសង្កត់ធ្ងន់ថា៖”ខ្ញុំអាចប្រាប់អ្នកបានថា លោក Musk នឹងមិនអាចក្លាយជាប្រធានាធិបតីបានទេ។ អ្នកដឹងថាហេតុអ្វីទេ? ព្រោះគាត់មិនបានកើតនៅក្នុងប្រទេសនេះ”។

ជម្រាបជូនថា តាមច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក គឺតម្រូវឲ្យបេក្ខភាពប្រធានាធិបតី ត្រូវតែជាពលរដ្ឋដែលកើតនៅសហរដ្ឋអាមេរិក ខណ:លោក Musk បានកើតនៅអាហ្វ្រិកខាងត្បូង ទទួលបានសញ្ជាតិកាណាដាតាមរយៈម្តាយរបស់គាត់ ហើយបានផ្លាស់មករស់នៅសហរដ្ឋអាមេរិកដើម្បីចូលរៀននៅមហាវិទ្យាល័យក្នុងឆ្នាំ១៩៩២ រហូតទទួលបានសញ្ជាតិអាមេរិកនៅមួយទសវត្សក្រោយមក ដូច្នេះហើយទើបធ្វើឲ្យលោកមិនអាចមានសិទ្ធិឈរឈ្មោះសម្រាប់តំណែងនៅក្នុងសេតវិមានបាននោះឡើយ៕