មហាសេដ្ឋីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក លោក Frank McCourt ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់ជូនសំណើជាទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង ចំពេលកម្មវិធីកម្សាន្តដ៏ធំនេះ កំពុងប្រឈមមុខទៅនឹងការបង្ខំឲ្យដាក់ខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech In Asia។
លោក McCourt មានគោលបំណងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ TikTok ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារបានដោយខ្លួនឯងផ្ទាល់ ខណ:ពួកគេក៏អាចបង្កើតប្រាក់ចំណូលតាមរយ:ការលក់ទំនិញលើអនឡាញ និងអាជ្ញាប័ណ្ណទិន្នន័យផងដែរ។
គួរឲ្យដឹងផងដែរថា ក្រុមការងាររបស់មហាសេដ្ឋី លោក McCourt បានចូលរួមចរចាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងការពិភាក្សាដំបូងជាមួយបណ្តាញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ ក្នុងការស្វែងរកជម្រើសនៃទិញយកកម្មវិធី TikTok មកគ្រប់គ្រង ពីក្រុមហ៊ុនមេ Bytedance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
ជម្រាបជូនផងដែរថា លោក McCourt ក៏មានគម្រោងរួមបញ្ចូលកម្មវិធី TikTok ជាមួយប្រព័ន្ធបើកចំហរ Project Liberty ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសិទ្ធិគ្រប់គ្រងកាន់តែច្រើនបន្ថែមទៀត ទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ៕