Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងបំផុតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ម៉ាកយីហាប្រណីត Lexus របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times។
ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុនមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឲ្យរោងចក្រនេះក្លាយជាប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ពោលគឺគ្មានការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញបទប្បញ្ញត្តិថ្មីស្តីពីការវិនិយោគដោយក្រុមហ៊ុនបរទេស។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Toyota កន្លងមកមានការបណ្តាក់ទុនរួមគ្នា នៅក្នុងប្រទេសចិនជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា FAW និង GAC ដើម្បីផលិត និងចែកចាយរថយន្តសម្រាប់ម៉ាកយីហោ Toyota ។ ស្របពេលរថយន្ត Lexus ដែលលក់ក្នុងប្រទេសចិនបច្ចុប្បន្ន ត្រូវបាននាំចូលពីរោងចក្រផលិតរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសជប៉ុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា Toyota មានគម្រោងបើកដំណើរការរោងចក្រថ្មីរបស់ខ្លួននេះ នៅឆ្នាំ២០២៧ ក្នុងគោលបំណងដណ្តើមយកចំណែកនៅក្នុងទីផ្សាររថយន្តធំជាងគេបំផុតរបស់ពិភពលោក ក្រោយបានមើលឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃរថយន្ត EV និង plug-in hybrid។
ប៉ុន្តែទោះជាយ៉ា់ងណាក៏ដោយ អ្នកពាក់ព័ន្ធក្នុងការចរចានេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន នៅតែត្រូវការចរចាលក្ខខណ្ឌបន្ថែមទៀតជាមួយភាគីចិន ដើម្បីឈានដល់ការអនុម័តកិច្ចព្រមព្រៀងជាផ្លូវការ៕